កិច្ចការ 19:19-25 KHOV

19 ឯ​មនុស្ស​ដែល​ប្រព្រឹត្ត​វិជ្ជា​ប្លែកៗ នោះ​ក៏​មាន​ច្រើន​នាក់ បាន​យក​ក្បួន​ដំរា​របស់​ខ្លួន មក​ដុត​ចោល​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​គ្នា គេ​បាន​គិត​ថ្លៃ​ក្បួន​ទាំង​នោះ​មើល ឃើញ​មាន​ដំឡៃ​អស់​៥​ម៉ឺន​រៀល

20 គឺ​យ៉ាង​ដូច្នោះ​ឯង ដែល​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​បាន​ចំរើន​កើន​ឡើង ហើយ​បាន​ឈ្នះ​ដោយ​អំណាច។

21 ក្រោយ​ការ​ទាំង​នោះ​មក ប៉ុល​គិត​សំរេច​ក្នុង​ចិត្ត​ថា កាល​ណា​បាន​ដើរ​កាត់​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ​ហើយ នោះ​គាត់​នឹង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ក៏​និយាយ​ថា ក្រោយ​ដែល​ខ្ញុំ​បាន​ទៅ​ឯ​ណោះ​ហើយ នោះ​ត្រូវ​ឲ្យ​ខ្ញុំ​ទៅ​មើល​ក្រុង​រ៉ូម​ដែរ

22 គាត់​ចាត់​អ្នក​ជំនួយ​គាត់​២​នាក់ គឺ​ធីម៉ូថេ និង​អេរ៉ា‌ស្ទុស ឲ្យ​ទៅ​ស្រុក​ម៉ាសេដូន តែ​ខ្លួន​គាត់​ស្នាក់​នៅ​ក្នុង​ស្រុក​អាស៊ី​បន្តិច​ទៀត។

23 នៅ​គ្រា​នោះ កើត​មាន​វឹកវរ​ជា​ធំ ពី​ដំណើរ​ផ្លូវ​នោះ

24 ដ្បិត​មាន​មនុស្ស​ម្នាក់​ឈ្មោះ​ដេមេ‌ទ្រាស ជា​ជាង​ប្រាក់ ដែល​ធ្វើ​អាស្រម​ព្រះ‌ឌីអាន​ពី​ប្រាក់ គាត់​ជួយ​ដល់​ពួក​ជាង​ទាំង​ប៉ុន្មាន ឲ្យ​បាន​កំរៃ​ជា​ច្រើន

25 កាល​គាត់​បាន​ប្រមូល​គេ ព្រម​ទាំង​ពួក​អ្នក​ដែល​មាន​របរ​ដូច​គ្នា​ទាំង​ប៉ុន្មាន​មក នោះ​គាត់​និយាយ​ថា អ្នក​រាល់​គ្នា​អើយ អ្នក​ដឹង​ថា យើង​បាន​ផល​ចំណេញ​ពី​របរ​នេះ​មក