22 គាត់ចាត់អ្នកជំនួយគាត់២នាក់ គឺធីម៉ូថេ និងអេរ៉ាស្ទុស ឲ្យទៅស្រុកម៉ាសេដូន តែខ្លួនគាត់ស្នាក់នៅក្នុងស្រុកអាស៊ីបន្តិចទៀត។
23 នៅគ្រានោះ កើតមានវឹកវរជាធំ ពីដំណើរផ្លូវនោះ
24 ដ្បិតមានមនុស្សម្នាក់ឈ្មោះដេមេទ្រាស ជាជាងប្រាក់ ដែលធ្វើអាស្រមព្រះឌីអានពីប្រាក់ គាត់ជួយដល់ពួកជាងទាំងប៉ុន្មាន ឲ្យបានកំរៃជាច្រើន
25 កាលគាត់បានប្រមូលគេ ព្រមទាំងពួកអ្នកដែលមានរបរដូចគ្នាទាំងប៉ុន្មានមក នោះគាត់និយាយថា អ្នករាល់គ្នាអើយ អ្នកដឹងថា យើងបានផលចំណេញពីរបរនេះមក
26 អ្នកក៏ឃើញ ហើយឮថា ឈ្មោះប៉ុលនេះបានបញ្ចុះបញ្ចូល ព្រមទាំងបង្វែរមនុស្សសន្ធឹកទៅហើយ មិនត្រឹមតែនៅអេភេសូរប៉ុណ្ណោះ គឺស្ទើរតែនឹងគ្រប់សព្វនៅស្រុកអាស៊ីផង ដោយពាក្យថាអស់ទាំងព្រះដែលដៃមនុស្សធ្វើ នោះមិនមែនជាព្រះទេ
27 ដូច្នេះ មានអន្តរាយកើតដល់យើង មិនត្រឹមតែសមាគមនេះ ដោយគេលែងរាប់អានប៉ុណ្ណោះ គឺក្រែងគេលែងទាំងគោរពប្រតិបត្តិ ដល់ព្រះវិហាររបស់ព្រះឌីអានដ៏ធំថែមទៀតផង រួចសិរីល្អនៃព្រះរបស់យើង ដែលគ្រប់ស្រុកអាស៊ី និងលោកីយ៍ទាំងមូលក៏ថ្វាយបង្គំ នឹងត្រូវសាបសូន្យទៅ
28 កាលគេឮសេចក្ដីនោះហើយ គេក៏មានពេញដោយសេចក្ដីកំហឹង ហើយស្រែកប្រកាសថា ព្រះឌីអាននៃពួកក្រុងអេភេសូរយើង ទ្រង់ធំវិសេស