កិច្ចការ 19:25-31 KHOV

25 កាល​គាត់​បាន​ប្រមូល​គេ ព្រម​ទាំង​ពួក​អ្នក​ដែល​មាន​របរ​ដូច​គ្នា​ទាំង​ប៉ុន្មាន​មក នោះ​គាត់​និយាយ​ថា អ្នក​រាល់​គ្នា​អើយ អ្នក​ដឹង​ថា យើង​បាន​ផល​ចំណេញ​ពី​របរ​នេះ​មក

26 អ្នក​ក៏​ឃើញ ហើយ​ឮ​ថា ឈ្មោះ​ប៉ុល​នេះ​បាន​បញ្ចុះ‌បញ្ចូល ព្រម​ទាំង​បង្វែរ​មនុស្ស​សន្ធឹក​ទៅ​ហើយ មិន​ត្រឹម​តែ​នៅ​អេភេសូរ​ប៉ុណ្ណោះ គឺ​ស្ទើរ​តែ​នឹង​គ្រប់​សព្វ​នៅ​ស្រុក​អាស៊ី​ផង ដោយ​ពាក្យ​ថា​អស់​ទាំង​ព្រះ​ដែល​ដៃ​មនុស្ស​ធ្វើ នោះ​មិន​មែន​ជា​ព្រះ​ទេ

27 ដូច្នេះ មាន​អន្តរាយ​កើត​ដល់​យើង មិន​ត្រឹម​តែ​សមាគម​នេះ ដោយ​គេ​លែង​រាប់​អាន​ប៉ុណ្ណោះ គឺ​ក្រែង​គេ​លែង​ទាំង​គោរព​ប្រតិ‌បត្តិ ដល់​ព្រះ‌វិហារ​របស់​ព្រះ‌ឌីអាន​ដ៏​ធំ​ថែម​ទៀត​ផង រួច​សិរី‌ល្អ​នៃ​ព្រះ​របស់​យើង ដែល​គ្រប់​ស្រុក​អាស៊ី និង​លោកីយ៍​ទាំង​មូល​ក៏​ថ្វាយ‌បង្គំ នឹង​ត្រូវ​សាប‌សូន្យ​ទៅ

28 កាល​គេ​ឮ​សេចក្ដី​នោះ​ហើយ គេ​ក៏​មាន​ពេញ​ដោយ​សេចក្ដី​កំហឹង ហើយ​ស្រែក​ប្រកាស​ថា ព្រះ‌ឌីអាន​នៃ​ពួក​ក្រុង​អេភេសូរ​យើង ទ្រង់​ធំ​វិសេស

29 នោះ​ក៏​កើត​មាន​វឹកវរ​ពេញ​ក្នុង​ក្រុង គេ​ស្រុះ​ចិត្ត​គ្នា​ចាប់​កន្ត្រាក់​កៃយុស និង​អើរី‌ស្តាក ជា​អ្នក​ស្រុក​ម៉ាសេដូន ដែល​ដើរ​ដំណើរ​ជា​មួយ​នឹង​ប៉ុល នាំ​ម្នីម្នា​ចូល​ទៅ​ក្នុង​រោង​ជំនុំ

30 ឯ​ប៉ុល​គាត់​គិត​ចូល​ទៅ​ឯ​បណ្តា‌ជន​ដែរ តែ​ពួក​សិស្ស​មិន​ព្រម​ឲ្យ​ទៅ​ទេ

31 ហើយ​មាន​ពួក​ចៅ‌ហ្វាយ​នៅ​ស្រុក​អាស៊ី​ខ្លះ​ដែល​ស្រឡាញ់​គាត់ ក៏​ចាត់​គេ​មក​អង្វរ​ថា សូម​កុំ​ឲ្យ​ចូល​ទៅ​ក្នុង​រោង​ជំនុំ​នោះ​ឡើយ