17 «ព្រះទ្រង់មានព្រះបន្ទូលថា ដល់ថ្ងៃជាន់ក្រោយបង្អស់ អញនឹងចាក់ព្រះវិញ្ញាណអញ ទៅលើគ្រប់ទាំងមនុស្ស នោះកូនប្រុសកូនស្រីឯងរាល់គ្នានឹងទាយទំនាយ ពួកកំឡោះឯងរាល់គ្នា នឹងឃើញការជាក់ស្តែង ហើយពួកចាស់ៗ របស់ឯងរាល់គ្នានឹងយល់សប្តិ
18 នៅគ្រានោះ អញនឹងចាក់ព្រះវិញ្ញាណអញ ទៅលើទាំងពួកអ្នកបំរើប្រុសស្រីផង ហើយគេនឹងទាយទំនាយដែរ
19 អញនឹងសំដែងការអស្ចារ្យ នៅលើមេឃ និងទីសំគាល់នៅផែនដី គឺជាឈាម ភ្លើង ហើយនឹងកំសួលផ្សែង
20 ថ្ងៃនឹងប្រែទៅជាងងឹត ហើយខែនឹងទៅជាឈាម មុនដែលថ្ងៃធំឧត្តមរបស់ព្រះអម្ចាស់មកដល់
21 នោះអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ គេនឹងបានសង្គ្រោះ»
22 ឱពួកសាសន៍អ៊ីស្រាអែលអើយ សូមស្តាប់ពាក្យនេះចុះ ព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ដែលព្រះបានសំដែងបង្ហាញមកអ្នករាល់គ្នាដោយការឫទ្ធិបារមី ការអស្ចារ្យ និងទីសំគាល់ ដែលព្រះទ្រង់បានធ្វើ នៅកណ្តាលអ្នករាល់គ្នា ដោយសារទ្រង់ ដូចជាអ្នករាល់គ្នាដឹងស្រាប់ហើយ
23 ព្រះអង្គនោះទ្រង់ត្រូវបញ្ជូនទៅ តាមការសំរេច និងបព្វញាណនៃព្រះ ហើយអ្នករាល់គ្នាបានចាប់ទ្រង់ ដោយសារដៃមនុស្សទទឹងច្បាប់ ព្រមទាំងឆ្កាងសំឡាប់ទ្រង់ផង