24 ប៉ុន្តែ ព្រះបានប្រោសទ្រង់ ឲ្យមានព្រះជន្មរស់ឡើងវិញ ដោយបានស្រាយចំណងនៃសេចក្ដីស្លាប់ចេញ ពីព្រោះសេចក្ដីស្លាប់ គ្មានអំណាចនឹងឃុំឃាំងទ្រង់ទុកបានឡើយ
25 ដ្បិតហ្លួងដាវីឌមានព្រះបន្ទូលពីទ្រង់ថា «ទូលបង្គំបានឃើញព្រះអម្ចាស់ នៅមុខទូលបង្គំជានិច្ច ពីព្រោះទ្រង់សណ្ឋិតនៅខាងដៃស្តាំទូលបង្គំ ដើម្បីមិនឲ្យទូលបង្គំត្រូវរង្គើឡើយ
26 ហេតុនោះបានជាចិត្តទូលបង្គំមានសេចក្ដីអំណរ ហើយអណ្តាតទូលបង្គំក៏ថ្លែង ដោយសេចក្ដីត្រេកអរ ១ទៀត រូបសាច់ទូលបង្គំនឹងស្នាក់នៅ ដោយសេចក្ដីសង្ឃឹមដែរ
27 ដ្បិតទ្រង់នឹងមិនទុកព្រលឹងទូលបង្គំ ឲ្យជាប់នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ក៏មិនឲ្យអ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្ដីពុករលួយដែរ
28 ទ្រង់បានឲ្យទូលបង្គំស្គាល់អស់ទាំងផ្លូវនៃជីវិត ក៏នឹងឲ្យទូលបង្គំបានពេញដោយសេចក្ដីអំណរ ដោយភាពនៃព្រះភក្ត្រទ្រង់»
29 ឱបងប្អូនរាល់គ្នាអើយ ខ្ញុំមានច្បាប់នឹងថ្លែងប្រាប់ដល់អ្នករាល់គ្នាយ៉ាងច្បាស់ ពីហ្លួងដាវីឌ ជាឰយុកោថា លោកបានទាំងសុគត ហើយគេបានបញ្ចុះសពលោកដែរ ផ្នូរលោកក៏នៅជាមួយនឹងយើងរាល់គ្នា ដរាបដល់សព្វថ្ងៃនេះ
30 ដូច្នេះ ដោយព្រោះលោកជាហោរា ហើយក៏ជ្រាបថា ព្រះបានស្បថសន្យានឹងលោកថា ទ្រង់នឹងបង្កើតព្រះគ្រីស្ទ ពីពូជរបស់លោកខាងសាច់ឈាម ឲ្យបានគង់លើបល្ល័ង្ករបស់លោក