កិច្ចការ 2:39-45 KHOV

39 ដ្បិត​សេចក្ដី​សន្យា​នោះ គឺ​សន្យា​ដល់​អ្នក​រាល់​គ្នា និង​កូន​ចៅ​អ្នក​រាល់​គ្នា ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ដែរ គឺ​ដល់​អស់​អ្នក​ណា​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​ហៅ

40 គាត់​ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត ហើយ​ទូន្មាន​ដោយ​ពាក្យ​ជា​ច្រើន​ទៀត​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​រួច​ពី​ពូជ​ដំណ​វៀច​នេះ

41 នោះ​ពួក​អ្នក​ដែល​ទទួល​ពាក្យ​របស់​គាត់​ដោយ​អំណរ ក៏​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ហើយ​នៅ​ថ្ងៃ​ដដែល​នោះ មាន​ប្រហែល​ជា​៣​ពាន់​នាក់​ថែម​កើន​ឡើង​ទៀត។

42 អ្នក​ទាំង​នោះ​ក៏​នៅ​តែ​ព្យាយាម​ក្នុង​សេចក្ដី​បង្រៀន​របស់​ពួក​សាវក ហើយ​ក្នុង​សេចក្ដី​ប្រកប​គ្នា ព្រម​ទាំង​ការ​កាច់​នំបុ័ង និង​សេចក្ដី​អធិស្ឋាន​ផង

43 គ្រប់​គ្នា​កើត​មាន​ចិត្ត​កោត‌ខ្លាច ហើយ​មាន​ការ​អស្ចារ្យ និង​ទី​សំគាល់​ជា​ច្រើន​កើត​មក ដោយ‌សារ​ពួក​សាវក​ដែរ

44 ពួក​អ្នក​ដែល​ជឿ​ទាំង​ប៉ុន្មាន ក៏​នៅ​ជា​មួយ​គ្នា ហើយ​មាន​របស់​ទាំង​អស់​នៅ​មូល​ព្រម​គ្នា

45 គេ​ក៏​លក់​ទ្រព្យ‌សម្បត្តិ និង​របស់​គេ​ទាំង​ប៉ុន្មាន ចែក​ដល់​គ្នា​តាម​ដែល​គ្រប់​គ្នា​ត្រូវ​ការ