កិច្ចការ 20:17-23 KHOV

17 ប៉ុល​ក៏​ចាត់​គេ ពី​មីលេត​ទៅ​ឯ​ក្រុង​អេភេសូរ ដើម្បី​នឹង​ហៅ​ពួក​ចាស់‌ទុំ​ក្នុង​ពួក​ជំនុំ​នោះ​មក

18 លុះ​មក​ដល់​ហើយ គាត់​និយាយ​ទៅ​គេ​ថា ឯ​កិរិយា​របស់​ខ្ញុំ គ្រប់​ពេល​គ្រប់​វេលា ដែល​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា តាំង​ពី​ថ្ងៃ​ដែល​ខ្ញុំ​ចូល​ទៅ​ស្រុក​អាស៊ី​មុន​ដំបូង

19 គឺ​ដែល​ខ្ញុំ​បាន​បំរើ​ព្រះ‌អម្ចាស់ ដោយ​ចិត្ត​សុភាព​គ្រប់​ជំពូក ហើយ​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន ទាំង​ត្រូវ​សេចក្ដី​ល្បង ដោយ​កិច្ច‌កល​របស់​ពួក​សាសន៍​យូដា​បែប​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ

20 ក៏​ដឹង​ថា ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​សេចក្ដី​អ្វី ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ដែរ គឺ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​នៅ​កណ្តាល​ជំនុំ​វិញ ហើយ​ពី​ផ្ទះ​១​ទៅ​ផ្ទះ​១​ផង

21 ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត ដល់​ទាំង​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ក្រេក​ផង គឺ​ពី​ការ​ប្រែ​ចិត្ត​ទៅ​ឯ​ព្រះ ហើយ​ពី​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​នៃ​យើង​រាល់​គ្នា

22 ឥឡូវ​នេះ មើល ខ្ញុំ​មាន​សេចក្ដី​បណ្តាល​ក្នុង​ចិត្ត ចង់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ឥត​ដឹង​ការ​អ្វី ដែល​នឹង​កើត​ដល់​ខ្ញុំ​នៅ​ទី​នោះ​ទេ

23 ដឹង​តែ​ប៉ុណ្ណេះ​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ធ្វើ​បន្ទាល់​ដល់​ខ្ញុំ នៅ​គ្រប់​ទី​ក្រុង​ថា មាន​ចំណង និង​សេចក្ដី​វេទនា នៅ​រង់‌ចាំ​ខ្ញុំ