17 គ្រាដល់ក្រុងយេរូសាឡិមហើយ នោះពួកជំនុំក៏ទទួលយើងដោយអំណរ
18 ថ្ងៃស្អែកឡើង ប៉ុលក៏ចូលទៅសួរយ៉ាកុបជាមួយនឹងយើង ក្នុងកាលដែលពួកចាស់ទុំទាំងអស់ប្រជុំគ្នានៅទីនោះ
19 កាលគាត់បានជំរាបសួរដល់គេរួចហើយ នោះគាត់ថ្លែងប្រាប់ ពីអស់ទាំងការនីមួយៗ ដែលព្រះទ្រង់បានធ្វើក្នុងពួកសាសន៍ដទៃ ដោយសារគាត់
20 គេឮដូច្នោះ ក៏សរសើរដំកើងដល់ព្រះ រួចនិយាយទៅប៉ុលថា បងអើយ បងដឹងថា មានសាសន៍យូដាប៉ុន្មានម៉ឺនបានជឿហើយ គេសុទ្ធតែមានសេចក្ដីឧស្សាហ៍ខ្មីឃ្មាតកាន់តាមក្រឹត្យវិន័យទាំងអស់គ្នា
21 ក៏បានឮនិយាយពីបងថា បងបង្រៀនដល់សាសន៍យូដាទាំងអស់ ដែលនៅជាមួយនឹងសាសន៍ដទៃ ឲ្យគេលះចោលលោកម៉ូសេចេញ ព្រមទាំងហាមប្រាមគេ កុំឲ្យកាត់ស្បែកកូន ឬប្រតិបត្តិតាមទំលាប់ពីបុរាណផង
22 ដូច្នេះ តើដូចម្តេច មុខជានឹងមានគេប្រជុំគ្នាទាំងហ្វូងជាមិនខាន ដ្បិតគេនឹងឮថា បងមកដល់ហើយ
23 ដូច្នេះ ចូរបងធ្វើតាមពាក្យយើងវិញ ដ្បិតមានមនុស្ស៤នាក់ក្នុងពួកយើង នៅជាប់ក្នុងបំណន់នៅឡើយ