កិច្ចការ 21:18-24 KHOV

18 ថ្ងៃ​ស្អែក​ឡើង ប៉ុល​ក៏​ចូល​ទៅ​សួរ​យ៉ាកុប​ជា​មួយ​នឹង​យើង ក្នុង​កាល​ដែល​ពួក​ចាស់‌ទុំ​ទាំង​អស់​ប្រជុំ​គ្នា​នៅ​ទី​នោះ

19 កាល​គាត់​បាន​ជំរាប​សួរ​ដល់​គេ​រួច​ហើយ នោះ​គាត់​ថ្លែង​ប្រាប់ ពី​អស់​ទាំង​ការ​នីមួយៗ ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​ក្នុង​ពួក​សាសន៍​ដទៃ ដោយ‌សារ​គាត់

20 គេ​ឮ​ដូច្នោះ ក៏​សរសើរ‌ដំកើង​ដល់​ព្រះ រួច​និយាយ​ទៅ​ប៉ុល​ថា បង​អើយ បង​ដឹង​ថា មាន​សាសន៍​យូដា​ប៉ុន្មាន​ម៉ឺន​បាន​ជឿ​ហើយ គេ​សុទ្ធ​តែ​មាន​សេចក្ដី​ឧស្សាហ៍​ខ្មី‌ឃ្មាត​កាន់​តាម​ក្រឹត្យ‌វិន័យ​ទាំង​អស់​គ្នា

21 ក៏​បាន​ឮ​និយាយ​ពី​បង​ថា បង​បង្រៀន​ដល់​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​ជា​មួយ​នឹង​សាសន៍​ដទៃ ឲ្យ​គេ​លះ​ចោល​លោក​ម៉ូសេ​ចេញ ព្រម​ទាំង​ហាម‌ប្រាម​គេ កុំ​ឲ្យ​កាត់​ស្បែក​កូន ឬ​ប្រតិ‌បត្តិ​តាម​ទំលាប់​ពី​បុរាណ​ផង

22 ដូច្នេះ តើ​ដូច​ម្តេច មុខ​ជា​នឹង​មាន​គេ​ប្រជុំ​គ្នា​ទាំង​ហ្វូង​ជា​មិន​ខាន ដ្បិត​គេ​នឹង​ឮ​ថា បង​មក​ដល់​ហើយ

23 ដូច្នេះ ចូរ​បង​ធ្វើ​តាម​ពាក្យ​យើង​វិញ ដ្បិត​មាន​មនុស្ស​៤​នាក់​ក្នុង​ពួក​យើង នៅ​ជាប់​ក្នុង​បំណន់​នៅ​ឡើយ

24 ចូរ​បង​នាំ​យក​គេ​ទៅ​លា​បំណន់​ជា​មួយ​គ្នា ហើយ​ចេញ​សោហ៊ុយ​ឲ្យ​គេ​ផង ដើម្បី​ឲ្យ​គេ​បាន​កោរ​សក់​ចេញ នោះ​មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា សេចក្ដី​ដែល​គេ​ឮ​និយាយ​ពី​បង​នោះ​មិន​ពិត​ទេ គឺ​ខ្លួន​បង​តែង​ប្រព្រឹត្ត​ទៀង​ត្រង់ ហើយ​កាន់​តាម​ក្រឹត្យ‌វិន័យ​ដែរ