កិច្ចការ 21:23-29 KHOV

23 ដូច្នេះ ចូរ​បង​ធ្វើ​តាម​ពាក្យ​យើង​វិញ ដ្បិត​មាន​មនុស្ស​៤​នាក់​ក្នុង​ពួក​យើង នៅ​ជាប់​ក្នុង​បំណន់​នៅ​ឡើយ

24 ចូរ​បង​នាំ​យក​គេ​ទៅ​លា​បំណន់​ជា​មួយ​គ្នា ហើយ​ចេញ​សោហ៊ុយ​ឲ្យ​គេ​ផង ដើម្បី​ឲ្យ​គេ​បាន​កោរ​សក់​ចេញ នោះ​មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា សេចក្ដី​ដែល​គេ​ឮ​និយាយ​ពី​បង​នោះ​មិន​ពិត​ទេ គឺ​ខ្លួន​បង​តែង​ប្រព្រឹត្ត​ទៀង​ត្រង់ ហើយ​កាន់​តាម​ក្រឹត្យ‌វិន័យ​ដែរ

25 ឯ​ពួក​សាសន៍​ដទៃ​ដែល​ជឿ នោះ​យើង​បាន​ផ្ញើ​សំបុត្រ​ទៅ​ហើយ ដោយ​សំរេច​ថា មិន​ចាំ​បាច់​ឲ្យ​គេ​កាន់​តាម​សេចក្ដី​ទាំង​នោះ​ទេ ត្រូវ​ប្រយ័ត្ន​តែ​នឹង​របស់​អ្វី ដែល​ថ្វាយ​ទៅ​រូប​ព្រះ ហើយ​ឈាម និង​សត្វ​សំឡាប់​ដោយ​ច្របាច់​ក ហើយ​នឹង​សេចក្ដី​កំផិត​ប៉ុណ្ណោះ

26 នោះ​ប៉ុល​ក៏​នាំ​យក​អ្នក​ទាំង​នោះ​ទៅ លុះ​ស្អែក​ឡើង កាល​បាន​ញែក​ជា​បរិសុទ្ធ​ជា​មួយ​នឹង​គេ​ហើយ ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ដើម្បី​ប្រាប់​ពី​កំណត់​ដែល​ត្រូវ​បាន​បរិសុទ្ធ ចាំ​ទំរាំ​ដល់​បាន​ថ្វាយ​ដង្វាយ​សំរាប់​គេ​គ្រប់​គ្នា។

27 កាល​ជិត​គ្រប់​៧​ថ្ងៃ​នោះ​ហើយ នោះ​ពួក​សាសន៍​យូដា​ពី​ស្រុក​អាស៊ី គេ​ឃើញ​ប៉ុល​ក្នុង​ព្រះ‌វិហារ ក៏​ញុះ‌ញង់​ដល់​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន រួច​លូក​ដៃ​ទៅ​ចាប់​យក​គាត់ ហើយ​ស្រែក​ថា

28 នែ អ្នក​រាល់​គ្នា ជា​សាសន៍​អ៊ីស្រា‌អែល​អើយ មក​វ៉ឺយ​ជួយ​គ្នា នេះ​ហើយ​ជា​មនុស្ស​ដែល​បង្រៀន​ដល់​មនុស្ស​ទាំង​អស់ នៅ​គ្រប់​ទី​តំបន់ ឲ្យ​ទាស់​នឹង​សាសន៍​យើង និង​ក្រឹត្យ‌វិន័យ ហើយ​ទី​នេះ​ដែរ ឥឡូវ​នេះ បាន​នាំ​ទាំង​សាសន៍​ក្រេក​ចូល​មក​ក្នុង​ព្រះ‌វិហារ ធ្វើ​បង្អាប់​ទី​បរិសុទ្ធ​នេះ​ថែម​ទៀត​ផង

29 ដំណើរ​នេះ គេ​ស្មាន​ថា គាត់​នាំ​សាសន៍​ក្រេក​នោះ​ទៅ​ក្នុង​ព្រះ‌វិហារ ដោយ​ព្រោះ​ពី​ថ្ងៃ​មុន គេ​ឃើញ​ទ្រភីម ជា​អ្នក​ស្រុក​អេភេសូរ នៅ​ជា​មួយ​នឹង​គាត់​ក្នុង​ទី​ក្រុង