កិច្ចការ 22:4-10 KHOV

4 ពី​ដើម ខ្ញុំ​ជា​អ្នក​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​មនុស្ស ដែល​កាន់​តាម​ផ្លូវ​នេះ ឲ្យ​ដល់​ស្លាប់​ក៏​មាន ព្រម​ទាំង​ចាប់​ចង​គេ​ទាំង​ប្រុស​ទាំង​ស្រី បញ្ជូន​ទៅ​ដាក់​គុក​ដែរ

5 ដូច​ជា​សំដេច​សង្ឃ និង​ពួក​ចាស់‌ទុំ​ទាំង​អស់ ជា​ទី​បន្ទាល់​ពី​ខ្ញុំ​ស្រាប់ ហើយ​ខ្ញុំ​បាន​ទទួល​យក​សំបុត្រ​ពី​លោក ទៅ​ឲ្យ​ពួក​សាសន៍​យើង​នៅ​ក្រុង​ដាម៉ាស រួច​ខ្ញុំ​ក៏​ចេញ​ទៅ ដើម្បី​នឹង​នាំ​យក​អស់​អ្នក​ក្នុង​ពួក​នេះ​ទាំង​ប៉ុន្មាន ដែល​នៅ​ស្រុក​នោះ ទាំង​ជាប់​ចំណង មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ឲ្យ​គេ​ជាប់​ទោស

6 លុះ​កាល​ខ្ញុំ​កំពុង​តែ​ដើរ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស ក្នុង​ពេល​ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ នោះ​ស្រាប់​តែ​មាន​ពន្លឺ​យ៉ាង​ខ្លាំង​ពី​លើ​មេឃ បាន​ភ្លឺ​មក​នៅ​ជុំ‌វិញ​ខ្ញុំ

7 ខ្ញុំ​ក៏​ដួល​ដល់​ដី ហើយ​ឮ​សំឡេង​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា សុល នែ​សុល ហេតុ​អ្វី​បាន​ជា​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ

8 ខ្ញុំ​បាន​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​ណា​នុ៎ះ រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ខ្ញុំ​ជា​ព្រះ‌យេស៊ូវ ពី​ភូមិ​ណា‌សារ៉ែត ដែល​អ្នក​បៀត​បៀន

9 ឯ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ គេ​ក៏​ឃើញ​ពន្លឺ​នោះ​ដែរ ហើយ​មាន​សេចក្ដី​ភ័យ​ខ្លាច តែ​មិន​ឮ​សំឡេង​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​នោះ​ទេ

10 ខ្ញុំ​ក៏​ទូល​សួរ​ថា ព្រះ‌អម្ចាស់​អើយ តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ធ្វើ​ដូច​ម្តេច រួច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក ពី​អស់​ទាំង​ការ ដែល​បាន​ដំរូវ​ឲ្យ​អ្នក​ត្រូវ​ធ្វើ