កិច្ចការ 23:1-7 KHOV

1 ប៉ុល​ក៏​សំឡឹង​មើល​ទៅ​ពួក​ក្រុម‌ជំនុំ និយាយ​ថា ឱ​អ្នក​រាល់​គ្នា ជា​បង​ប្អូន​អើយ ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​បញ្ញា​ចិត្ត​ជ្រះ​ស្អាត​នៅ​ចំពោះ​ព្រះ ដរាប​មក​ដល់​ថ្ងៃ​នេះ

2 តែ​អាន៉្នានាស ជា​សំដេច​សង្ឃ លោក​បង្គាប់​ដល់​ពួក​អ្នក​ដែល​ឈរ​ជិត ឲ្យ​ទះ​មាត់​គាត់

3 នោះ​ប៉ុល​និយាយ​ទៅ​លោក​ថា ឱ​កំផែង​លាប​សអើយ ព្រះ​ទ្រង់​នឹង​វាយ​លោក​វិញ លោក​អង្គុយ​ជំនុំ‌ជំរះ​ខ្ញុំ​តាម​ក្រឹត្យ‌វិន័យ ចុះ​ដូច​ម្តេច​បាន​ជា​ហ៊ាន​បង្គាប់​ឲ្យ​គេ​វាយ​ខ្ញុំ ខុស​នឹង​ក្រឹត្យ‌វិន័យ​ដូច្នេះ

4 ឯ​ពួក​អ្នក​ដែល​ឈរ​ជិត​ក៏​ស្តី​ឲ្យ​គាត់​ថា តើ​ឯង​ហ៊ាន​ដៀល​ដល់​សំដេច​សង្ឃ​នៃ​ព្រះ​ដែរ​ឬ

5 ប៉ុល​ឆ្លើយ​ថា បង​ប្អូន​អើយ ខ្ញុំ​មិន​បាន​ដឹង​ថា លោក​ជា​សំដេច​សង្ឃ​ទេ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «មិន​ត្រូវ​និយាយ​អាក្រក់ ពី​ចៅ‌ហ្វាយ​របស់​សាសន៍​ឯង​ឡើយ»

6 កាល​ប៉ុល​បាន​ដឹង​ថា ពួក​គេ​១​ចំណែក​ជា​ពួក​សាឌូស៊ី ហើយ​១​ចំណែក​ទៀត​ជា​ពួក​ផារិ‌ស៊ី នោះ​គាត់​បន្លឺ​សំឡេង​ឡើង​ក្នុង​ពួក​ក្រុម‌ជំនុំ​ថា បង​ប្អូន​រាល់​គ្នា​អើយ ខ្ញុំ​ជា​ពួក​ផារិ‌ស៊ី ហើយ​ជា​កូន​នៃ​ពួក​ផារិ‌ស៊ី ខ្ញុំ​ជាប់​ជំនុំ‌ជំរះ គឺ​ដោយ​ព្រោះ​តែ​សេចក្ដី​សង្ឃឹម​នេះ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ

7 កាល​គាត់​និយាយ​ដូច្នោះ​ហើយ នោះ​ពួក​ផារិ‌ស៊ី និង​ពួក​សាឌូស៊ី គេ​កើត​ទាស់‌ទែង​គ្នា បណ្តា​ជំនុំ​ក៏​បែក‌ខ្ញែក​ដែរ