កិច្ចការ 23:10-16 KHOV

10 លុះ​កើត​ទាស់​គ្នា​ជា​ខ្លាំង​ដូច្នោះ នោះ​មេ​ទ័ព​ធំ​ក៏​បង្គាប់​ឲ្យ​ពួក​ទាហាន​ចុះ​ទៅ យក​គាត់​ពី​កណ្តាល​គេ​មក ដោយ​អំណាច ហើយ​នាំ​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ ក្រែង​លោ​គេ​ប្រញាយ​ហែក​គាត់​ខ្ទេច‌ខ្ទី​ទៅ។

11 នៅ​វេលា​យប់​នោះ ព្រះ‌អម្ចាស់​ទ្រង់​ឈរ​ជិត​គាត់​មាន​ព្រះ‌បន្ទូល​ថា ចូរ​សង្ឃឹម​ឡើង ប៉ុល​អើយ ដ្បិត​អ្នក​ត្រូវ​ធ្វើ​បន្ទាល់​នៅ​ក្រុង​រ៉ូម ដូច​ជា​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡិម​ដែរ។

12 ដល់​ភ្លឺ​ឡើង មាន​ពួក​សាសន៍​យូដា​ខ្លះ រួម​គំនិត​គ្នា​ស្បថ​ឡាក់‌ឡាំង​ថា មិន​ស៊ី​មិន​ផឹក​ទាល់​តែ​បាន​សំឡាប់​ប៉ុល​ហើយ

13 ឯ​មនុស្ស​ដែល​បង្កើត​ឧបាយ​យ៉ាង​នេះ មាន​ជាង​៤០​នាក់

14 គេ​ក៏​ទៅ​ជំរាប​ពួក​សង្គ្រាជ និង​ពួក​ចាស់‌ទុំ​ថា យើង​ខ្ញុំ​បាន​ស្បថ​ថា មិន​ភ្លក់​អ្វី​សោះ ទាល់​តែ​បាន​សំឡាប់​ប៉ុល​ចេញ

15 ដូច្នេះ សូម​ឲ្យ​លោក​ទាំង‌ឡាយ និង​ពួក​ក្រុម‌ជំនុំ ចាត់​ឲ្យ​ទៅ​សូម​វា​ពី​លោក​មេ​ទ័ព​ធំ​មក​ឥឡូវ ដើម្បី​ឲ្យ​លោក​នាំ​វា​ចុះ​មក ធ្វើ​ដូច​ជា​លោក​ចង់​ពិចារណា​សួរ ពី​ដំណើរ​វា ឲ្យ​ច្បាស់‌លាស់​ឡើង ឯ​ពួក​យើង​ខ្ញុំ ក៏​ប្រុង​ប្រៀប​ជា​ស្រេច​នឹង​សំឡាប់​វា មុន​ដែល​វា​ចូល​មក​ដល់​ផង។

16 ឯ​កូន​របស់​ប្អូន​ស្រី​ប៉ុល កាល​បាន​ដឹង​ពី​ការ​ដែល​ឈ្លប​លប​នោះ​ហើយ ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​ប្រាប់​ដល់​ប៉ុល