កិច្ចការ 24:3-9 KHOV

3 ឱ​ព្រះ‌តេជ‌ព្រះ‌គុណ​ភេលីច​អើយ សាសន៍​យើង​ខ្ញុំ​បាន​សេចក្ដី​សុខ​ប្រពៃ ដោយ‌សារ​លោក​ម្ចាស់ ក៏​មាន​ចំរើន​ការ​ផ្លាស់​ប្រែ​យ៉ាង​ប្រសើរ ដែល​មាន​ប្រយោជន៍​ដល់​សាសន៍​យើង​ខ្ញុំ​នេះ ដោយ‌សារ​គំនិត​លោក​ម្ចាស់ ហើយ​ទោះ​បើ​នៅ​វេលា​ណា ឬ​កន្លែង​ណា​ក៏​ដោយ គង់​តែ​យើង​ខ្ញុំ​ទទួល​ការ​ទាំង​នោះ​ដោយ​អំណរ ទាំង​អរ‌គុណ​ដល់​លោក​ម្ចាស់​គ្រប់​ជំពូក​ដែរ

4 តែ​ដើម្បី​កុំ​ឲ្យ​បង្ខាត​ពេល​លោក​ម្ចាស់​ទៀត នោះ​សូម​មេត្តា​ស្តាប់​យើង​ខ្ញុំ​បន្តិច

5 ដ្បិត​យើង​ខ្ញុំ​បាន​ឃើញ​ថា អ្នក​នេះ​ជា​មនុស្ស​ចង្រៃ ជា​មេ​នៃ​ពួក​ណា‌សារ៉ែត ដែល​ញុះ‌ញង់​ឲ្យ​ពួក​សាសន៍​យូដា​ទាំង​អស់ នៅ​លោកីយ៍​នេះ​បះ‌បោរ​ឡើង

6 ក៏​ចង់​ធ្វើ​បង្អាប់​ដល់​ព្រះ‌វិហារ​ផង នោះ​យើង​ខ្ញុំ​បាន​ចាប់​វា​មក ប្រាថ្នា​ចង់​ជំនុំ‌ជំរះ​តាម​ក្រឹត្យ‌វិន័យ​របស់​យើង​ខ្ញុំ

7 ប៉ុន្តែ លោក​លូស៊ា ជា​មេ​ទ័ព​ធំ បាន​មក​កន្ត្រាក់​យក​វា​ពី​ដៃ​យើង​ខ្ញុំ​ទៅ ដោយ​អំណាច​យ៉ាង​សំបើម

8 ទាំង​បង្គាប់​ឲ្យ​ពួក​ដើម​ចោទ​មក​ឯ​លោក​ម្ចាស់ បើ​កាល​ណា​លោក​ម្ចាស់​បាន​ពិចារណា​វា នោះ​នឹង​បាន​ជ្រាប​ពី​គ្រប់​ទាំង​ការ ដែល​យើង​ខ្ញុំ​ចោទ​ប្រកាន់​ដល់​វា​ហើយ

9 ឯ​ពួក​សាសន៍​យូដា ក៏​យល់​ព្រម​ដែរ ដោយ​បញ្ជាក់​ថា រឿង​ទាំង​នោះ​ប្រាកដ​មែន។