កិច្ចការ 25:10-16 KHOV

10 នោះ​ប៉ុល​ឆ្លើយ​ថា ខ្ញុំ​ប្របាទ​ឈរ​នៅ​មុខ​ទី​ជំនុំ​ជំរះ​ក្តី​នៃ​សេ‌សារ ជា​កន្លែង​ដែល​គួរ​ជំនុំ‌ជំរះ​ខ្ញុំ​ប្របាទ ខ្ញុំ​ប្របាទ​គ្មាន​ធ្វើ​ខុស​អ្វី​នឹង​ពួក​សាសន៍​យូដា​ទេ ដូច​ជា​ព្រះ‌តេជ‌ព្រះ‌គុណ​ក៏​ជ្រាប​ច្បាស់​ហើយ

11 បើ​សិន​ជា​ខ្ញុំ​ប្របាទ​បាន​ធ្វើ​អ្វី​ខុស ឬ​ដែល​គួរ​នឹង​ស្លាប់ នោះ​ខ្ញុំ​ប្របាទ​ក៏​យល់​ព្រម​នឹង​ស្លាប់​ឥត​ប្រកែក តែ​បើ​រឿង​ដែល​គេ​ចោទ​ខ្ញុំ​ប្របាទ​មិន​ពិត​វិញ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​បញ្ជូន​ទៅ​ឲ្យ​គេ​បាន​ឡើយ ខ្ញុំ​ប្របាទ​សូម​រើ​ក្តី​នេះ​ដល់​សេ‌សារ​វិញ

12 ក្រោយ​ដែល​ភេស្ទុស​បាន​ពិគ្រោះ​នឹង​ក្រុម‌ជំនុំ នោះ​ក៏​ឆ្លើយ​ថា ឯង​បាន​សូម​រើ​ក្តី​នេះ​ដល់​សេ‌សារ​វិញ បើ​ដូច្នេះ ឯង​ត្រូវ​ទៅ​ដល់​សេ‌សារ​ចុះ។

13 ក្រោយ​បួន​ដប់​ថ្ងៃ​មក​ទៀត ព្រះ‌រាជា​អ័គ្រីប៉ា និង​ព្រះ‌នាង​បេរេនីស ស្តេច​យាង​ចុះ​មក​ឯ​សេសារា ក៏​ចូល​ទៅ​សួរ​លោក​ភេស្ទុស

14 កាល​ទ្រង់​គង់​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ នោះ​លោក​ភេស្ទុស​ក៏​ទូល​ពី​រឿង​ប៉ុល ថ្វាយ​ស្តេច​ថា លោក​ភេលីច​បាន​ទុក​អ្នក​ទោស​ម្នាក់ ឲ្យ​ជាប់​គុក​នៅ​ទី​នេះ

15 ហើយ​កាល​ដែល​ទូល‌បង្គំ​នៅ​ក្រុង​យេរូ‌សាឡិម នោះ​ពួក​សង្គ្រាជ និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​យូដា បាន​ប្តឹង​ទូល‌បង្គំ ទាំង​សូម​ឲ្យ​ទូល‌បង្គំ​កាត់​ទោស​ឲ្យ

16 តែ​ទូល‌បង្គំ​ឆ្លើយ​ប្រាប់​គេ​ថា សាសន៍​រ៉ូម​មិន​ដែល​បញ្ជូន​មនុស្ស​ណា​ឲ្យ​ត្រូវ​ស្លាប់ មុន​ដែល​ចុង​ចំឡើយ​មាន​ពួក​ដើម​ចោទ​នៅ​មុខ​ខ្លួន ហើយ​មាន​ឱកាស​នឹង​ដោះ​សា​ពី​រឿង​គេ​ចោទ​នោះ​ឡើយ