កិច្ចការ 25:5-11 KHOV

5 ដូច្នេះ លោក​ប្រាប់​ថា ចូរ​អស់​អ្នក​ដែល​មាន​អំណាច​ក្នុង​ពួក​អ្នក​រាល់​គ្នា ចុះ​ទៅ​ជា​មួយ​គ្នា បើ​មនុស្ស​នោះ​មាន​ទោស​អ្វី នោះ​ត្រូវ​ឲ្យ​ចោទ​ប្រកាន់​វា​ចុះ

6 កាល​បាន​ស្នាក់​នៅ​ក្នុង​ទី​ក្រុង​គេ​ជាង​១០​ថ្ងៃ នោះ​ក៏​ចុះ​ទៅ​ឯ​សេសារា​វិញ ដល់​ថ្ងៃ​ស្អែក​ឡើង លោក​អង្គុយ​នៅ​ទី​ជំនុំ‌ជំរះ​ក្តី ហើយ​បង្គាប់​ឲ្យ​គេ​នាំ​ប៉ុល​មក

7 លុះ​គាត់​ចូល​មក​ដល់ នោះ​ពួក​សាសន៍​យូដា ដែល​ចុះ​ពី​ក្រុង​យេរូ‌សាឡិម​មក គេ​ឈរ​នៅ​ជុំ‌វិញ ក៏​ចោទ​គាត់​ពី​រឿង​ធ្ងន់ៗ​ជា​ច្រើន ដែល​គេ​មិន​អាច​នឹង​រក​ភស្តុ‌តាង​បាន

8 តែ​គាត់​ដោះ​សារ​ខ្លួន​ថា ខ្ញុំ​ប្របាទ​មិន​បាន​ធ្វើ​បាប​អ្វី​សោះ ទោះ​នឹង​ក្រឹត្យ‌វិន័យ​របស់​សាសន៍​យូដា ឬ​នឹង​ព្រះ‌វិហារ ឬ​នឹង​សេ‌សារ​ក្តី

9 តែ​លោក​ភេស្ទុស​ចង់​បាន​បំណាច់​ចំពោះ​ពួក​សាសន៍​យូដា ក៏​សួរ​ទៅ​ប៉ុល​ថា ឯង​សុខ​ចិត្ត​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ឲ្យ​អញ​ជំនុំ‌ជំរះ​ឯង​ពី​ដំណើរ​នេះ​ឬ​ទេ

10 នោះ​ប៉ុល​ឆ្លើយ​ថា ខ្ញុំ​ប្របាទ​ឈរ​នៅ​មុខ​ទី​ជំនុំ​ជំរះ​ក្តី​នៃ​សេ‌សារ ជា​កន្លែង​ដែល​គួរ​ជំនុំ‌ជំរះ​ខ្ញុំ​ប្របាទ ខ្ញុំ​ប្របាទ​គ្មាន​ធ្វើ​ខុស​អ្វី​នឹង​ពួក​សាសន៍​យូដា​ទេ ដូច​ជា​ព្រះ‌តេជ‌ព្រះ‌គុណ​ក៏​ជ្រាប​ច្បាស់​ហើយ

11 បើ​សិន​ជា​ខ្ញុំ​ប្របាទ​បាន​ធ្វើ​អ្វី​ខុស ឬ​ដែល​គួរ​នឹង​ស្លាប់ នោះ​ខ្ញុំ​ប្របាទ​ក៏​យល់​ព្រម​នឹង​ស្លាប់​ឥត​ប្រកែក តែ​បើ​រឿង​ដែល​គេ​ចោទ​ខ្ញុំ​ប្របាទ​មិន​ពិត​វិញ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​បញ្ជូន​ទៅ​ឲ្យ​គេ​បាន​ឡើយ ខ្ញុំ​ប្របាទ​សូម​រើ​ក្តី​នេះ​ដល់​សេ‌សារ​វិញ