20 គឺទូលបង្គំបានប្រាប់ឲ្យមនុស្សទាំងអស់ប្រែចិត្ត ហើយងាកបែរមក ឯព្រះវិញ ទាំងប្រព្រឹត្តបែបសំណំនឹងការប្រែចិត្តផង គឺប្រាប់ដល់ពួកអ្នកដែលនៅក្រុងដាម៉ាសជាមុនដំបូង រួចនៅក្រុងយេរូសាឡិម និងគ្រប់ក្នុងខេត្តយូដា ហើយដល់អស់ទាំងសាសន៍ដទៃផង
21 ដោយហេតុនោះបានជាពួកសាសន៍យូដា ចាប់ទូលបង្គំនៅក្នុងព្រះវិហារ ហើយព្យាយាមនឹងសំឡាប់ទូលបង្គំចោល
22 តែព្រះទ្រង់បានជួយទូលបង្គំ ដរាបមកដល់ថ្ងៃនេះ បានជាទូលបង្គំឈរធ្វើបន្ទាល់ដល់អ្នកតូចធំ ដោយគ្មាននិយាយអ្វី ឲ្យលើសពីសេចក្ដីដែលពួកហោរា និងលោកម៉ូសេបានទាយថាត្រូវមកនោះឡើយ
23 គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខ ហើយថាដោយសារទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញមុនគេទាំងអស់ នោះទ្រង់បានប្រកាសប្រាប់ពីពន្លឺ ដល់សាសន៍នេះ ហើយដល់សាសន៍ដទៃផង។
24 កំពុងដែលគាត់និយាយសេចក្ដីទាំងនោះ ដើម្បីដោះសារខ្លួន នោះលោកភេស្ទុសឡើងសំឡេងកាត់ថា ប៉ុលអើយ ឯងឆ្កួតទេ ឯងរៀនសូត្រជាច្រើនដល់ម៉្លេះ បានជាឆ្កួតហើយ
25 តែគាត់ប្រកែកថា ព្រះតេជព្រះគុណភេស្ទុសអើយ ខ្ញុំប្របាទមិនមែនឆ្កួតទេ ខ្ញុំប្របាទនិយាយចំពោះពាក្យពិត ហើយជានាទេតើ
26 ដ្បិតព្រះករុណាទ្រង់បានជ្រាបការទាំងនេះហើយ ខ្ញុំប្របាទក៏ទូលដល់ទ្រង់ដោយក្លាហានដែរ ព្រោះខ្ញុំប្របាទជឿប្រាកដថា ក្នុងការទាំងនេះគ្មានអ្វីលាក់កំបាំងនឹងទ្រង់ទេ ដ្បិតមិនមែនធ្វើនៅកៀនកោះឯណាឡើយ