កិច្ចការ 27:5-11 KHOV

5 ក្រោយ​ដែល​បាន​ឆ្លង​កាត់​សមុទ្រ ក្បែរ​ស្រុក​គីលីគា និង​ស្រុក​ប៉ាម‌ភីលា​ផុត​ហើយ ក៏​មក​ដល់​មីរ៉ា នៅ​ក្នុង​ស្រុក​លូគា

6 នៅ​ទី​នោះ មេ​ទ័ព​រក​បាន​សំពៅ​១ មក​ពី​ក្រុង​អ័លេ‌ក្សានទ្រា ដែល​ទៅ​ស្រុក​អ៊ីតាលី ក៏​ឲ្យ​យើង​ជិះ​ទៅ

7 កាល​បើក​បន្តិចៗ​ទៅ​ជា​យូរ​ថ្ងៃ ក៏​មក​ទន្ទឹម​នឹង​គ្នីដុស ដោយ​ពិបាក​ណាស់ ពី​ព្រោះ​ខ្យល់​មិន​ស្រួល​សោះ នោះ​យើង​បើក​សសៀរ​ចូល​ទៅ តាម​កោះ​ក្រេត ទល់​មុខ​នឹង​ជ្រោយ​សាល‌ម៉ូន

8 បើក​ទៅ​តាម​កោះ​នោះ ដោយ​ពិបាក​ណាស់ ក៏​ដល់​កន្លែង​១​ហៅ​ថា ទ្វារ​សមុទ្រ​លំអ ដែល​នៅ​ជិត​ក្រុង​ឡា‌សេ។

9 លុះ​បាន​កន្លង​មក​ជា​យូរ​ថ្ងៃ កាល​សំពៅ​ណា​បើក​ទៅ​នឹង​មាន​អន្តរាយ ពី​ព្រោះ​បុណ្យ​តមបាន​កន្លង​ហើយ នោះ​ប៉ុល​ទូន្មាន​គេ​ថា

10 អ្នក​រាល់​គ្នា​អើយ បើ​បើក​ទៅ​ឥឡូវ ខ្ញុំ​យល់​ឃើញ​ថា នឹង​មាន​អន្តរាយ ហើយ​ខូច​ខាត​ជា​ច្រើន មិន​ត្រឹម​តែ​ទំនិញ និង​សំពៅ​ប៉ុណ្ណោះ​ទេ គឺ​ដល់​ទាំង​ជីវិត​យើង​រាល់​គ្នា​ផង

11 ប៉ុន្តែ មេ​ទ័ព​បាន​ទុក​ចិត្ត​នឹង​អ្នក​កាន់​ចង្កូត ហើយ​នឹង​ម្ចាស់​សំពៅ ជា​ជាង​ពាក្យ​ដែល​ប៉ុល​ថា​នោះ​វិញ