កិច្ចការ 28:17-23 KHOV

17 ក្រោយ​៣​ថ្ងៃ​មក ប៉ុល​អញ្ជើញ​ពួក​មេ​សាសន៍​យូដា ឲ្យ​មក​ប្រជុំ​គ្នា កាល​គេ​មូល​គ្នា​ហើយ នោះ​គាត់​ពោល​ពាក្យ​ទៅ​គេ​ថា ឱ​អ្នក​រាល់​គ្នា ជា​បង​ប្អូន​ខ្ញុំ​អើយ ខ្ញុំ​គ្មាន​ធ្វើ​ខុស​អ្វី​នឹង​សាសន៍​យើង ឬ​នឹង​ទំលាប់​ពួក​ឰយុកោ​ទេ តែ​គេ​ចាប់​ខ្ញុំ​នៅ​ក្រុង​យេរូ‌សាឡិម បញ្ជូន​មក​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​រ៉ូម

18 ដែល​ពិចារណា​សួរ​ខ្ញុំ រួច​ចង់​លែង​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​គ្មាន​ទោស​អ្វី​គួរ​នឹង​ស្លាប់​ទេ

19 ប៉ុន្តែ ពួក​សាសន៍​យូដា​ប្រកែក​មិន​ព្រម បាន​ជា​បង្ខំ​ឲ្យ​ខ្ញុំ​សូម​រើ​ក្តី​ដល់​សេ‌សារ​វិញ មិន​មែន​ជា​ខ្ញុំ​មាន​ការណ៍​អ្វី នឹង​ចោទ​ប្រកាន់​ពី​សាសន៍​ខ្ញុំ​ទេ

20 ហេតុ​នោះ​បាន​ជា​ខ្ញុំ​អញ្ជើញ​អ្នក​រាល់​គ្នា​មក ដើម្បី​ឲ្យ​បាន​ឃើញ​មុខ ហើយ​នឹង​ពិគ្រោះ​គ្នា ដ្បិត​គឺ​ដោយ​ព្រោះ​សេចក្ដី​សង្ឃឹម​របស់​សាសន៍​អ៊ីស្រា‌អែលហើយ បាន​ជា​ខ្ញុំ​ជាប់​ច្រវាក់​ដូច្នេះ

21 គេ​ឆ្លើយ​ឡើង​ថា យើង​មិន​បាន​ទទួល​សំបុត្រ​ណា​ពី​ស្រុក​យូដា ពី​រឿង​អ្នក​សោះ ក៏​គ្មាន​បង​ប្អូន​ណា​មក​ប្រាប់​យើង ឬ​និយាយ​សេចក្ដី​អ្វី​អាក្រក់​ពី​អ្នក​ដែរ

22 តែ​យើង​ចូល​ចិត្ត​ចង់​ដឹង​គំនិត​របស់​អ្នក ដែល​អ្នក​គិត​ដូច​ម្តេច ព្រោះ​យើង​ដឹង​ថា នៅ​គ្រប់​ទី​កន្លែង គេ​តែង​តែ​និយាយ​អាក្រក់​ពី​ពួក​អ្នក​កាន់​សាសនា​នេះ​ណាស់។

23 គេ​ក៏​ណាត់​ថ្ងៃ​កំណត់ រួច​មាន​គ្នា​ជា​ច្រើន​មក​ឯ​គាត់ ក្នុង​ទី​លំនៅ​របស់​គាត់ ហើយ​គាត់​អធិប្បាយ ទាំង​ធ្វើ​បន្ទាល់​សព្វ​គ្រប់ តាំង​ពី​ព្រឹក​ដល់​ល្ងាច ពី​នគរ​ព្រះ​ឲ្យ​គេ​ស្តាប់ ក៏​បញ្ចុះ‌បញ្ចូល​ឲ្យ​គេ​ជឿ​អស់​ទាំង​សេចក្ដី ដែល​ដំរូវ​ពី​ព្រះ‌យេស៊ូវ ក្នុង​ក្រឹត្យ‌វិន័យ​លោក​ម៉ូសេ ហើយ​ក្នុង​គម្ពីរ​ពួក​ហោរា