កិច្ចការ 3:11-17 KHOV

11 ដូច្នេះ កំពុង​ដែល​គាត់​ចាប់​តោង​ឃាត់​ពេត្រុស និង​យ៉ូហាន នោះ​បណ្តា‌ជន​ទាំង​អស់​ក៏​រត់​មូល​មក​ឯ​គេ នៅ​ត្រង់​បាំង‌សាច​ដែល​ហៅ​ថា បាំង‌សាច​សាឡូ‌ម៉ូន ហើយ​គេ​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត​ណាស់។

12 កាល​ពេត្រុស​បាន​ឃើញ​ដូច្នោះ នោះ​គាត់​និយាយ​ទៅ​ប្រជា‌ជន​ថា ឱ​សាសន៍​អ៊ីស្រា‌អែល​រាល់​គ្នា​អើយ ហេតុ​អ្វី​បាន​ជា​មាន​សេចក្ដី​ប្លែក​ក្នុង​ចិត្ត​ពី​ការ​នេះ ហើយ​សំឡឹង​មើល​មក​យើង​ខ្ញុំ ហាក់​ដូច​ជា​យើង​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​នេះ​ដើរ​រួច ដោយ​អាង​អំណាច ឬ​គុណា‌នុភាព​របស់​ខ្លួន​យើង​ខ្ញុំ​ដូច្នេះ

13 ព្រះ​នៃ​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​ព្រះ​នៃ​ពួក​ឰយុកោ​យើង​រាល់​គ្នា ទ្រង់​បាន​ដំកើង​អ្នក​បំរើ​ទ្រង់​នោះ គឺ​ព្រះ‌យេស៊ូវ ដែល​អ្នក​រាល់​គ្នា​បាន​បញ្ជូន​ទៅ ហើយ​ក្នុង​កាល​ដែល​លោក​ពីឡាត់​សំរេច​សេចក្ដី​ថា​នឹង​លែង​ទ្រង់ នោះ​អ្នក​រាល់​គ្នា​បាន​ប្រកែក​បដិសេធ​នៅ​មុខ​លោក មិន​ព្រម​ទទួល​ទ្រង់​ទេ

14 គឺ​ជា​មិន​ព្រម​ទទួល​ព្រះ​ដ៏​បរិសុទ្ធ ហើយ​សុចរិត​នោះ​ឯង បែរ​ជា​សូម​ឲ្យ​លោក​លែង​មនុស្ស​ដែល​សំឡាប់​គេ ដល់​អ្នក​រាល់​គ្នា​វិញ

15 អ្នក​រាល់​គ្នា​បាន​សំឡាប់​ព្រះ‌អម្ចាស់​ជីវិត​នោះ​ទៅ តែ​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ យើង​ខ្ញុំ​នេះ​ជា​ទី​បន្ទាល់​ពី​ការ​នោះ​ឯង

16 ហើយ​គឺ​ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌នាម​ទ្រង់ នោះ​ព្រះ‌នាម​ទ្រង់​បាន​ប្រោស​មនុស្ស​នេះ ដែល​អ្នក​រាល់​គ្នា​ឃើញ ហើយ​ស្គាល់ ឲ្យ​មាន​កំឡាំង​ឡើង គឺ​ជា​សេចក្ដី​ជំនឿ​ដែល​កើត​មក ដោយ‌សារ​ព្រះ‌អង្គ​នោះ​ឯង បាន​ធ្វើ​ឲ្យ​គាត់​ជា​ស្រឡះ នៅ​មុខ​អ្នក​រាល់​គ្នា​ដូច្នេះ

17 ឥឡូវ​នេះ បង​ប្អូន​អើយ ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា ព្រម​ទាំង​ពួក​នាម៉ឺន​នៃ​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ការ​នោះ ដោយ​មិន​បាន​យល់​ទេ