19 ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ប្រយោជន៍ឲ្យមានពេលលំហើយ មកពីចំពោះព្រះអម្ចាស់
20 ហើយឲ្យទ្រង់បានចាត់ព្រះអង្គនោះ ដែលបានដំរូវទុកជាមុន មកឯអ្នករាល់គ្នា គឺជាព្រះយេស៊ូវគ្រីស្ទ
21 ដែលស្ថានសួគ៌ត្រូវទទួល ដរាបដល់គ្រាតាំងរបស់ទាំងអស់ឡើងវិញ ដែលព្រះបានមានព្រះបន្ទូលប្រាប់ពីគ្រានោះ ដោយសារមាត់នៃពួកហោរាបរិសុទ្ធរបស់ទ្រង់ តាំងពីបុរាណមក
22 ដ្បិតលោកម៉ូសេបានមានប្រសាសន៍ដល់ពួកឰយុកោថា «ព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា ទ្រង់នឹងបង្កើតហោរាម្នាក់ ពីបងប្អូនអ្នករាល់គ្នាមក ឲ្យដូចខ្ញុំ ត្រូវឲ្យអ្នករាល់គ្នាស្តាប់តាមហោរានោះ ក្នុងគ្រប់ការទាំងអស់ ដែលលោកនឹងប្រាប់មកចុះ
23 ឯអស់អ្នកណាដែលមិនព្រមស្តាប់តាមវិញ នោះនឹងត្រូវវិនាសបាត់ពីសាសន៍ខ្លួនចេញ»
24 ហើយអស់ទាំងហោរា ចាប់តាំងពីលោកសាំយូអែល គឺអស់អ្នកដែលបានទាយតមក ក៏បានប្រាប់ជាមុនពីគ្រានេះដែរ
25 អ្នករាល់គ្នាជាដំណវង្សនៃពួកហោរា និងសេចក្ដីសញ្ញា ដែលព្រះបានតាំងនឹងពួកឰយុកោយើងរាល់គ្នា ដោយមានព្រះបន្ទូលនឹងលោកអ័ប្រាហាំថា «អស់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារពូជឯង»