25 ទ្រង់បានមានព្រះបន្ទូល ដោយសារព្រះឱស្ឋហ្លួងដាវីឌ ជាអ្នកបំរើទ្រង់ថា «ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើមឡើង ហើយជនជាតិទាំងប៉ុន្មានមានគំនិតជាអសារឥតការដូច្នេះ
26 ពួកមហាក្សត្រនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងទាំងប៉ុន្មានក៏ប្រឹក្សាគ្នាទាស់នឹងព្រះអម្ចាស់ ហើយទាស់នឹងព្រះគ្រីស្ទនៃទ្រង់»
27 ប្រាកដមែនហើយ ដ្បិតនៅក្រុងនេះ ស្តេចហេរ៉ូឌ និងលោកប៉ុនទាស-ពីឡាត់ បានប្រជុំគ្នា ព្រមទាំងពួកសាសន៍ដទៃ និងសាសន៍អ៊ីស្រាអែល ទាស់នឹងព្រះយេស៊ូវជាអ្នកបំរើបរិសុទ្ធរបស់ទ្រង់ ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ
28 ដើម្បីនឹងធ្វើអស់ទាំងការដែលព្រះហស្តទ្រង់ និងព្រះដំរិះទ្រង់ បានគិតសំរេចជាមុន
29 ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមទតមើលសេចក្ដីកំហែងរបស់គេ ហើយសូមប្រទានឲ្យពួកអ្នកបំរើទ្រង់ បានផ្សាយព្រះបន្ទូល ដោយសេចក្ដីក្លាហានដ៏ពេញលេញ
30 ដោយទ្រង់លូកព្រះហស្តមក សំរាប់នឹងប្រោសមនុស្សឲ្យបានជា ហើយនឹងធ្វើទីសំគាល់ និងការអស្ចារ្យ ដោយសារព្រះនាមព្រះយេស៊ូវ ជាអ្នកបំរើបរិសុទ្ធរបស់ទ្រង់
31 កាលបានអធិស្ឋានរួចហើយ នោះកន្លែងដែលគេប្រជុំគ្នាក៏រញ្ជួយ ហើយគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នា រួចក៏ផ្សាយព្រះបន្ទូលដោយចិត្តក្លាហាន។