កិច្ចការ 4:4-10 KHOV

4 ប៉ុន្តែ ឯ​ពួក​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល នោះ​មាន​គ្នា​ជា​ច្រើន​បាន​ជឿ ហើយ​ពួក​ដែល​ជឿ ក៏​បាន​កើន​ឡើង​មាន​ប្រុសៗ ប្រហែល​ជា​៥​ពាន់​នាក់។

5 ដល់​ស្អែក​ឡើង ពួក​នាម៉ឺន ពួក​ចាស់‌ទុំ និង​ពួក​អាចារ្យ ក៏​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម

6 ព្រម​ទាំង​លោក​អាណ ជា​សំដេច​សង្ឃ លោក​កៃផា លោក​យ៉ូហាន និង​លោក​អ័លេ‌ក្សាន‌ត្រុស ហើយ​អស់​អ្នក​ដែល​ជា​គ្រួសារ​នៃ​សំដេច​សង្ឃ​ដែរ

7 កាល​បាន​នាំ​អ្នក​ទាំង​២​មក ដាក់​នៅ​កណ្តាល​ចំណោម​ហើយ នោះ​ក៏​ពិចារណា​សួរ​ថា ឯង​បាន​ធ្វើ​ការ​នោះ​ដោយ​អាង​អំណាច​អ្វី ឬ​ដោយ​អាង​ឈ្មោះ​ណា

8 នោះ​ពេត្រុស ដែល​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ក៏​ជំរាប​ថា ឱ​លោក​ដ៏​ធំ​លើ​បណ្តា‌ជន និង​ពួក​លោក​ចាស់‌ទុំ​ទាំង‌ឡាយ នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ

9 នៅ​ថ្ងៃ​នេះ បើ​សិន​ជា​លោក​អ្នក​រាល់​គ្នា គិត​ពិចារណា​សួរ​យើង​ខ្ញុំ ពី​ដំណើរ​ការ​ល្អ ដែល​បាន​ធ្វើ​ដល់​មនុស្ស​ពិការ​នោះ​ថា គាត់​បាន​ជា​ដោយ‌សារ​អ្វី

10 នោះ​សូម​ឲ្យ​លោក​រាល់​គ្នា​ជ្រាប​ដូច្នេះ ហើយ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ដឹង​ផង ថា ដែល​មនុស្ស​នេះ​បាន​ជា​ស្រឡះ ហើយ​ឈរ​នៅ​មុខ​លោក​រាល់​គ្នា​ដូច្នេះ គឺ​ដោយ‌សារ​ព្រះ‌នាម​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ពី​ស្រុក​ណា‌សារ៉ែត ដែល​លោក​រាល់​គ្នា​បាន​ឆ្កាង​ទ្រង់ តែ​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ