23 យើងខ្ញុំបានឃើញគុកនៅបិទទ្វារជាប់ ទាំងប្រយ័ត្នគ្រប់ជំពូក ព្រមទាំងមានពួកយាមល្បាតឈរនៅមាត់ទ្វារផង តែកាលបានបើកទៅ នោះមិនឃើញមានអ្នកណាមួយនៅក្នុងទីនោះសោះ
24 កាលមេទ័ពរក្សាព្រះវិហារ និងពួកសង្គ្រាជបានឮដូច្នោះ នោះក៏វល់ក្នុងចិត្តពីដំណើរពួកនោះ ដែលកើតជាយ៉ាងណា
25 តែមានម្នាក់ទៀតមកជំរាបថា មើល ពួកមនុស្សដែលលោកបានដាក់គុកនោះ ឥឡូវនេះ គេកំពុងតែឈរបង្រៀនដល់ពួកជន នៅក្នុងព្រះវិហារវិញ
26 នោះមេទ័ព និងពួកអាជ្ញា ក៏ទៅនាំគេមក ដោយឥតមានគំហកកំហែងសោះ ដ្បិតខ្លាចក្រែងបណ្តាជនចោលខ្លួននឹងថ្ម
27 កាលបាននាំមកដាក់នៅមុខក្រុមជំនុំហើយ នោះសំដេចសង្ឃស្តីថា
28 តើយើងមិនបានហាមផ្តាច់មិនឲ្យឯងរាល់គ្នាបង្រៀនពីឈ្មោះនោះទៀតទេឬអី តែមើល ឯងរាល់គ្នាបានបង្រៀនសេចក្ដីនោះ នៅពេញក្រុងយេរូសាឡិមទាំងមូលវិញ ព្រមទាំងគិតទំលាក់ទោសពីឈាមមនុស្សនោះមកលើយើងផង
29 តែពេត្រុស និងពួកសាវកឯទៀត ឆ្លើយឡើងថា ត្រូវតែស្តាប់បង្គាប់របស់ព្រះជាជាងមនុស្ស