37 ក្រោយនោះមក នៅវេលាធ្វើបញ្ជីកត់ត្រារាស្ត្រ នោះមានឈ្មោះយូដាស ជាអ្នកស្រុកកាលីឡេទៀត បានលើកខ្លួនឡើង បញ្ចុះបញ្ចូលមនុស្សជាច្រើនឲ្យទៅតាមខ្លួន វាក៏វិនាសបាត់ទៅដែរ ហើយពួកអ្នកដែលចុះចូលតាម ក៏ត្រូវខ្ចាត់ខ្ចាយទាំងអស់គ្នាទៅ
38 ដូច្នេះ ខ្ញុំទូន្មានអ្នករាល់គ្នាថា ចូរដកខ្លួនពីមនុស្សទាំងនេះចេញ កុំឲ្យធ្វើអ្វីដល់គេឡើយ ដ្បិតបើសិនជាគំនិតគេ ឬការគេធ្វើនេះកើតឡើងពីមនុស្ស នោះនឹងត្រូវវិនាសទៅជាមិនខាន
39 តែបើកើតមកពីព្រះវិញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើឲ្យវិនាសបានទេ ក្រែងអ្នករាល់គ្នាជាប់ទោសជាពួកអ្នកតយុទ្ធនឹងព្រះដែរ
40 ពួកក្រុមជំនុំក៏យល់ព្រមតាមគំនិតលោក រួចកាលបានហៅពួកសាវកមកវិញ នោះក៏វាយនឹងរំពាត់ ព្រមទាំងហាមឃាត់ មិនឲ្យនិយាយពីព្រះនាមព្រះយេស៊ូវទៀត រួចលែងឲ្យទៅ
41 ពួកសាវកក៏ចេញពីពួកក្រុមជំនុំទៅ ដោយអរសប្បាយ ពីព្រោះព្រះបានរាប់ជាអ្នកគួរនឹងទ្រាំសេចក្ដីដំនៀល ដោយព្រោះព្រះនាមទ្រង់
42 ហើយអ្នកទាំងនោះចេះតែបង្រៀន ព្រមទាំងប្រាប់ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ នៅក្នុងព្រះវិហារ ហើយនៅអស់ទាំងផ្ទះរាល់តែថ្ងៃជានិច្ច។