34 អញបានឃើញសេចក្ដីទុក្ខលំបាក ដែលគេធ្វើដល់រាស្ត្រអញនៅស្រុកអេស៊ីព្ទហើយ ក៏ឮសូរដំងូររបស់គេដែរ ហេតុនោះបានជាអញចុះមក ដើម្បីប្រោសឲ្យគេរួច ចូរមកឥឡូវ អញនឹងចាត់ឯងឲ្យទៅឯស្រុកអេស៊ីព្ទ»
35 ឯលោកម៉ូសេនេះ ដែលគេមិនព្រមទទួល ដោយថា «តើអ្នកណាបានតាំងឲ្យឯងធ្វើជាចៅហ្វាយ ហើយជាចៅក្រម»ដូច្នេះ គឺលោកនេះហើយ ដែលព្រះបានចាត់ឲ្យទៅធ្វើជាចៅហ្វាយ ហើយជាអ្នកជួយឲ្យរួច ដោយសារព្រះហស្តនៃទេវតា ដែលលេចមកឲ្យលោកឃើញ ក្នុងគុម្ពបន្លានោះ
36 លោកនេះបាននាំគេចេញ ដោយធ្វើការអស្ចារ្យ និងទីសំគាល់នៅស្រុកអេស៊ីព្ទ នៅសមុទ្រក្រហម ហើយនៅទីរហោស្ថានក្នុងរវាង៤០ឆ្នាំ
37 គឺលោកម៉ូសេនេះហើយ ដែលមានប្រសាសន៍ដល់ពួកកូនចៅសាសន៍អ៊ីស្រាអែលថា «ព្រះអម្ចាស់ដ៏ជាព្រះនៃអ្នករាល់គ្នា ទ្រង់នឹងបង្កើតហោរាម្នាក់ ពីពួកបងប្អូនអ្នករាល់គ្នាមក ឲ្យដូចជាខ្ញុំ ត្រូវឲ្យអ្នករាល់គ្នាស្តាប់តាមហោរានោះចុះ»
38 គឺលោកនេះឯង ដែលបាននៅក្នុងពួកជំនុំនៅទីរហោស្ថានជាមួយនឹងទេវតា ដែលមានព្រះបន្ទូលនឹងលោក នៅលើភ្នំស៊ីណាយ ហើយជាមួយនឹងពួកឰយុកោយើងរាល់គ្នា ដែលបានទទួលព្រះបន្ទូលរស់ សំរាប់នឹងបន្តមកដល់យើងរាល់គ្នាដែរ
39 តែពួកឰយុកោយើងមិនព្រមចុះចូលនឹងលោកទេ គេផាត់លោកចោល ហើយនឹករឭកដល់ស្រុកអេស៊ីព្ទវិញ
40 ដោយនិយាយនឹងអើរ៉ុនថា «ចូរធ្វើព្រះឲ្យយើងរាល់គ្នា ដែលនឹងនាំមុខយើងផង ដ្បិតឯលោកម៉ូសេនោះ ដែលនាំយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក យើងមិនដឹងជាមានកើតគ្រោះថ្នាក់អ្វីដល់លោកទេ»