18 កាលស៊ីម៉ូនបានឃើញថា ព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតដោយពួកសាវកដាក់ដៃលើគេដូច្នោះ នោះគាត់យកប្រាក់មកជូន ដោយពាក្យថា
19 សូមឲ្យខ្ញុំមានអំណាចនេះផង ដើម្បីឲ្យខ្ញុំដាក់ដៃលើអ្នកណា ឲ្យអ្នកនោះបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរ
20 តែពេត្រុសឆ្លើយតបថា ចូរឲ្យប្រាក់អ្នកវិនាសទៅជាមួយនឹងអ្នកចុះ ព្រោះអ្នកស្មានថា នឹងយកប្រាក់មកទិញអំណោយទានរបស់ព្រះបានដូច្នេះ
21 អ្នកគ្មានភាគគ្មានចំណែកក្នុងការនេះឡើយ ព្រោះចិត្តអ្នកមិនស្មោះត្រង់ចំពោះព្រះទេ
22 ដូច្នេះ ចូរប្រែចិត្តចេញពីសេចក្ដីអាក្រក់នេះចុះ ហើយសូមអង្វរដល់ព្រះអម្ចាស់វិញ ក្រែងទ្រង់នឹងអត់ទោសដល់គំនិតក្នុងចិត្តអ្នកបាន
23 ដ្បិតខ្ញុំយល់ឃើញថា អ្នកនៅក្នុងសេចក្ដីជូរល្វីង ហើយក៏ជាប់ដោយចំណងនៃសេចក្ដីទុច្ចរិតផង
24 ស៊ីម៉ូនឆ្លើយឡើងថា សូមលោកជួយអង្វរដល់ព្រះអម្ចាស់ឲ្យខ្ញុំផង ដើម្បីកុំឲ្យមានការអ្វីមួយ ដូចលោកមានប្រសាសន៍នោះ បានកើតមកដល់ខ្ញុំឡើយ