កិច្ចការ 9:12-18 KHOV

12 ហើយ​ក្នុង​ការ​ជាក់​ស្តែង គាត់​បាន​ឃើញ​ថា មាន​មនុស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស ចូល​មក​ដាក់​ដៃ​លើ​គាត់ ឲ្យ​បាន​ភ្លឺ​ភ្នែក​ឡើង

13 អាន៉្នានាស​ទូល​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន និយាយ​ពី​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ដល់​ពួក​បរិសុទ្ធ​របស់​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម

14 ហើយ​នៅ​ទី​នេះ គាត់​ក៏​មាន​អំណាច​ពី​ពួក​សង្គ្រាជ អាច​នឹង​ទៅ​ចាប់​ចង​នូវ​អស់​អ្នក​ណា ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់​ដែរ

15 ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​ចុះ ពី​ព្រោះ​អ្នក​នោះ​ជា​ប្រដាប់​រើស​តាំង​ដល់​ខ្ញុំ សំរាប់​នឹង​ប្រកាស​ឈ្មោះ​ខ្ញុំ ដល់​ពួក​សាសន៍​ដទៃ និង​ពួក​ស្តេច ហើយ​នឹង​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ផង

16 ដ្បិត​ខ្ញុំ​នឹង​បង្ហាញ ឲ្យ​គាត់​ដឹង​ជា​ត្រូវ​រង​ទុក្ខ​លំបាក​ទាំង​អម្បាលម៉ាន ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ

17 ដូច្នេះ អាន៉្នានាស​ក៏​ទៅ ហើយ​ចូល​ក្នុង​ផ្ទះ​នោះ ដាក់​ដៃ​លើ​គាត់ និយាយ​ថា អ្នក​សុល​អើយ ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេស៊ូវ ដែល​លេច​មក​ឲ្យ​អ្នក​ឃើញ​តាម​ផ្លូវ ទ្រង់​បាន​ចាត់​ខ្ញុំ​មក ដើម្បី​ឲ្យ​អ្នក​បាន​ភ្លឺ​ភ្នែក ហើយ​ឲ្យ​អ្នក​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ

18 ស្រាប់​តែ​មាន​ដូច​ជា​ស្រកា​ជ្រុះ​ចុះ​ពី​ភ្នែក​គាត់​មក ហើយ​គាត់​ក៏​បាន​ភ្លឺ​ជា​១​រំពេច រួច​ក្រោក​ឡើង​ទទួល​បុណ្យ​ជ្រមុជ‌ទឹក