កិច្ចការ 9:33-39 KHOV

33 នៅ​ទី​នោះ​គាត់​ឃើញ​មនុស្ស​ម្នាក់​ឈ្មោះ អេនាស មាន​ជំងឺ​ឈឺ​ស្លាប់​ដៃ​ជើង ដេក​នៅ​តែ​លើ​គ្រែ អស់​៨​ឆ្នាំ​មក​ហើយ

34 ក៏​និយាយ​ទៅ​គាត់​ថា អ្នក​អេនាស​អើយ ព្រះ‌យេស៊ូវ​ដ៏​ជា​ព្រះ‌គ្រីស្ទ ទ្រង់​ប្រោស​ឲ្យ​អ្នក​បាន​ជា​ហើយ ចូរ​ក្រោក​ឡើង​រៀប​គ្រែ​អ្នក​ទៅ ស្រាប់​តែ​គាត់​ក៏​ក្រោក​ឡើង​ភ្លាម

35 ឯ​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ភូមិ​លីដា និង​ស្រុក​សារ៉ូន ក៏​ឃើញ​គាត់ ហើយ​គេ​ប្រែ​ចិត្ត​ជឿ​ដល់​ព្រះ‌អម្ចាស់។

36 នៅ​ក្រុង​យ៉ុបប៉េ​ក៏​ដែរ មាន​សិស្ស​ស្រី​ម្នាក់​ឈ្មោះ តេប៊ីថា (ស្រាយ​ថា នាង​ក្តាន់) នាង​នោះ​បាន​ធ្វើ​គុណ ហើយ​ដាក់​ទាន​ជា​ច្រើន

37 នៅ​គ្រា​នោះ នាង​មាន​ជំងឺ​ឈឺ ហើយ​ស្លាប់​ទៅ កាល​គេ​បាន​ផ្ងូត​ទឹក​រូប​នាង​ហើយ នោះ​ក៏​យក​ទៅ​ដាក់​នៅ​ឯ​បន្ទប់​ខាង​លើ

38 រួច​ដោយ​ព្រោះ​ភូមិ​លីដា​នៅ​ជិត​យ៉ុបប៉េ ហើយ​ពួក​សិស្ស​បាន​ឮ​ថា ពេត្រុស​នៅ​ទី​នោះ បាន​ជា​គេ​ប្រើ​២​នាក់​ឲ្យ​ទៅ​រក​គាត់ ដើម្បី​នឹង​សូម​អង្វរ​ឲ្យ​មក​ឯ​គេ​ដោយ​ឥត​បង្អង់

39 ពេត្រុស​ក៏​ក្រោក​ឡើង​ទៅ​ជា​មួយ កាល​បាន​ដល់​ហើយ នោះ​គេ​នាំ​គាត់​ទៅ​បន្ទប់​ខាង​លើ​នោះ ហើយ​ពួក​ស្រី​មេម៉ាយ​ក៏​ឈរ​ជិត​គាត់​ទាំង​យំ ព្រម​ទាំង​បង្ហាញ​អាវ និង​សំលៀក‌បំពាក់​ទាំង​ប៉ុន្មាន ដែល​តេប៊ីថា​បាន​ធ្វើ​ឲ្យ ពី​កាល​នាង​នៅ​ជា​មួយ​នៅ​ឡើយ