1 កាលទ្រង់បានហៅពួកសិស្សទាំង១២នាក់មកហើយ នោះក៏ប្រទានឲ្យគេមានអំណាច អាចនឹងដេញអារក្សអសោច ហើយនឹងមើលគ្រប់ទាំងជំងឺរោគា និងជរាពិការទាំងអស់ឲ្យបានជាផង
2 រីឯពួកសាវកទាំង១២នាក់ នោះដូចមានឈ្មោះដូចខាងក្រោមនេះស្រាប់ គឺមុនដំបូងមានស៊ីម៉ូន ដែលហៅថាពេត្រុស១ អនទ្រេ ជាប្អូនគាត់១ យ៉ាកុប ជាកូនសេបេដេ១ និងយ៉ូហាន ជាប្អូនគាត់១
3 ភីលីព១ បារថូល៉ូមេ១ ថូម៉ាស១ ម៉ាថាយ ជាអ្នកយកពន្ធ១ យ៉ាកុប ជាកូនអាល់ផាយ១ លេបេ ដែលហៅថាថាដេ១
4 ស៊ីម៉ូន ជាសាសន៍កាណាន១ ហើយនឹងយូដាស-អ៊ីស្ការីយ៉ុត ជាអ្នកដែលបញ្ជូនទ្រង់១។
5 ព្រះយេស៊ូវ ទ្រង់ចាត់ពួក១២នាក់នេះ ឲ្យទៅ ដោយផ្តាំថា កុំឲ្យអ្នករាល់គ្នាបែរទៅតាមផ្លូវរបស់សាសន៍ដទៃ ឬចូលទៅក្នុងទីក្រុងណា១របស់សាសន៍សាម៉ារីឡើយ
6 ចូរទៅឯចៀមបាត់បង់ របស់វង្សានុវង្សនៃពួកអ៊ីស្រាអែលវិញ
7 ហើយកំពុងដែលទៅ នោះចូរប្រកាសប្រាប់ថា នគរស្ថានសួគ៌ជិតដល់ហើយ