22 មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ ប៉ុន្តែ អ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុត អ្នកនោះនឹងបានសង្គ្រោះ
23 កាលណាគេធ្វើទុក្ខ បៀតបៀនអ្នករាល់គ្នា ក្នុងក្រុងនេះ នោះត្រូវរត់ទៅឯក្រុង១ទៀតវិញ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងដើរ មិនទាន់ដល់គ្រប់ទាំងទីក្រុងនៃសាសន៍អ៊ីស្រាអែលនៅឡើយ នោះកូនមនុស្សនឹងបានមកដល់ហើយ។
24 សិស្សមិនមែនលើសជាងគ្រូទេ ហើយបាវក៏មិនលើសជាងចៅហ្វាយខ្លួនដែរ
25 បើសិស្សបានស្មើនឹងគ្រូ ហើយបាវបានស្មើនឹងចៅហ្វាយ នោះល្មមហើយ បើសិនជាគេហៅម្ចាស់ផ្ទះថា បេលសេប៊ូល នោះចំណង់បើពួកអ្នកនៅផ្ទះនោះទាំងប៉ុន្មាន តើគេនឹងហៅយ៉ាងនោះលើសជាងអម្បាលម៉ានទៅទៀត។
26 ដូច្នេះ មិនត្រូវឲ្យខ្លាចគេឡើយ ដ្បិតគ្មានអ្វីគ្របបាំង ដែលមិនត្រូវបើកសំដែងចេញ ឬអ្វីលាក់លៀម ដែលមិនត្រូវបង្ហាញឲ្យគេស្គាល់នោះទេ
27 ការអ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នានៅទីងងឹត នោះចូរសំដែងនៅទីភ្លឺ ហើយការអ្វី ដែលអ្នករាល់គ្នាឮនៅត្រចៀក នោះចូរថ្លែងប្រាប់ពីលើដំបូលផ្ទះវិញចុះ
28 កុំឲ្យខ្លាចចំពោះពួកអ្នកដែលសំឡាប់បានតែរូបកាយ តែពុំអាចនឹងសំឡាប់ដល់ព្រលឹងបាននោះឡើយ ស៊ូឲ្យខ្លាចព្រះអង្គវិញជាជាង ដែលទ្រង់អាចនឹងធ្វើឲ្យទាំងព្រលឹង និងរូបកាយវិនាសទៅក្នុងនរកផង