ម៉ាថាយ 10:23-29 KHOV

23 កាល​ណា​គេ​ធ្វើ​ទុក្ខ បៀត‌បៀន​អ្នក​រាល់​គ្នា ក្នុង​ក្រុង​នេះ នោះ​ត្រូវ​រត់​ទៅ​ឯ​ក្រុង​១​ទៀត​វិញ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​ដើរ មិន​ទាន់​ដល់​គ្រប់​ទាំង​ទី​ក្រុង​នៃ​សាសន៍​អ៊ីស្រា‌អែល​នៅ​ឡើយ នោះ​កូន​មនុស្ស​នឹង​បាន​មក​ដល់​ហើយ។

24 សិស្ស​មិន​មែន​លើស​ជាង​គ្រូ​ទេ ហើយ​បាវ​ក៏​មិន​លើស​ជាង​ចៅ‌ហ្វាយ​ខ្លួន​ដែរ

25 បើ​សិស្ស​បាន​ស្មើ​នឹង​គ្រូ ហើយ​បាវ​បាន​ស្មើ​នឹង​ចៅ‌ហ្វាយ នោះ​ល្មម​ហើយ បើ​សិន​ជា​គេ​ហៅ​ម្ចាស់​ផ្ទះ​ថា បេល‌សេប៊ូល នោះ​ចំណង់​បើ​ពួក​អ្នក​នៅ​ផ្ទះ​នោះ​ទាំង​ប៉ុន្មាន តើ​គេ​នឹង​ហៅ​យ៉ាង​នោះ​លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។

26 ដូច្នេះ មិន​ត្រូវ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​គ្មាន​អ្វី​គ្រប​បាំង ដែល​មិន​ត្រូវ​បើក​សំដែង​ចេញ ឬ​អ្វី​លាក់‌លៀម ដែល​មិន​ត្រូវ​បង្ហាញ​ឲ្យ​គេ​ស្គាល់​នោះ​ទេ

27 ការ​អ្វី​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ទី​ងងឹត នោះ​ចូរ​សំដែង​នៅ​ទី​ភ្លឺ ហើយ​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ឮ​នៅ​ត្រចៀក នោះ​ចូរ​ថ្លែង​ប្រាប់​ពី​លើ​ដំបូល​ផ្ទះ​វិញ​ចុះ

28 កុំ​ឲ្យ​ខ្លាច​ចំពោះ​ពួក​អ្នក​ដែល​សំឡាប់​បាន​តែ​រូប‌កាយ តែ​ពុំ​អាច​នឹង​សំឡាប់​ដល់​ព្រលឹង​បាន​នោះ​ឡើយ ស៊ូ​ឲ្យ​ខ្លាច​ព្រះ‌អង្គ​វិញ​ជា​ជាង ដែល​ទ្រង់​អាច​នឹង​ធ្វើ​ឲ្យ​ទាំង​ព្រលឹង និង​រូប‌កាយ​វិនាស​ទៅ​ក្នុង​នរក​ផង

29 តើ​គេ​មិន​លក់​ចាប​២​ថ្លៃ​១​លុយ​ទេ​ឬ​អី តែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ទៅ​ដី ឥត​ព្រះ‌វរ‌បិតា​នៃ​អ្នក​រាល់​គ្នា​ជ្រាប​ឡើយ