25 បើសិស្សបានស្មើនឹងគ្រូ ហើយបាវបានស្មើនឹងចៅហ្វាយ នោះល្មមហើយ បើសិនជាគេហៅម្ចាស់ផ្ទះថា បេលសេប៊ូល នោះចំណង់បើពួកអ្នកនៅផ្ទះនោះទាំងប៉ុន្មាន តើគេនឹងហៅយ៉ាងនោះលើសជាងអម្បាលម៉ានទៅទៀត។
26 ដូច្នេះ មិនត្រូវឲ្យខ្លាចគេឡើយ ដ្បិតគ្មានអ្វីគ្របបាំង ដែលមិនត្រូវបើកសំដែងចេញ ឬអ្វីលាក់លៀម ដែលមិនត្រូវបង្ហាញឲ្យគេស្គាល់នោះទេ
27 ការអ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នានៅទីងងឹត នោះចូរសំដែងនៅទីភ្លឺ ហើយការអ្វី ដែលអ្នករាល់គ្នាឮនៅត្រចៀក នោះចូរថ្លែងប្រាប់ពីលើដំបូលផ្ទះវិញចុះ
28 កុំឲ្យខ្លាចចំពោះពួកអ្នកដែលសំឡាប់បានតែរូបកាយ តែពុំអាចនឹងសំឡាប់ដល់ព្រលឹងបាននោះឡើយ ស៊ូឲ្យខ្លាចព្រះអង្គវិញជាជាង ដែលទ្រង់អាចនឹងធ្វើឲ្យទាំងព្រលឹង និងរូបកាយវិនាសទៅក្នុងនរកផង
29 តើគេមិនលក់ចាប២ថ្លៃ១លុយទេឬអី តែគ្មានចាបណាមួយធ្លាក់ទៅដី ឥតព្រះវរបិតានៃអ្នករាល់គ្នាជ្រាបឡើយ
30 សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ
31 យ៉ាងនោះមិនត្រូវឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃ លើសជាងចាបជាច្រើន។