ម៉ាថាយ 12:31-37 KHOV

31 ហេតុ​នេះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អស់​ទាំង​បាប ហើយ​ពាក្យ​ប្រមាថ នឹង​អត់​ទោស​ឲ្យ​មនុស្ស​លោក​បាន តែ​ឯ​ពាក្យ​ប្រមាថ​ដល់​ព្រះ‌វិញ្ញាណ​វិញ នោះ​មិន​ដែល​បាន​អត់​ទោស ដល់​មនុស្ស​ឡើយ

32 អ្នក​ណា​ដែល​ពោល​ពាក្យ​ទាស់​នឹង​កូន​មនុស្ស នោះ​នឹង​អត់​ទោស​ឲ្យ​បាន តែ​អ្នក​ណា​ដែល​ពោល​ទាស់​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នោះ​នឹង​អត់​ទោស​ឲ្យ​ពុំ​បាន​ឡើយ ទោះ​នៅ​នា​លោកីយ៍​នេះ ឬ​នៅ​បរលោក​នាយ​ក្តី។

33 ត្រូវ​តែ​រាប់​ថា ដើម​ឈើ​ល្អ ផ្លែ​វា​ក៏​ល្អ ឬ​ថា​ដើម​ឈើ​អាក្រក់ ហើយ​ផ្លែ​វា​ក៏​អាក្រក់​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​ដោយ‌សារ​ផ្លែ​វា

34 ពូជ​ពស់‌វែក​អើយ ដែល​អ្នក​រាល់​គ្នា​អាក្រក់​ម៉្លេះ តើ​ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ពោល​សេចក្ដី​ល្អ​បាន ពី​ព្រោះ​មាត់​តែង​និយាយ តាម​សេចក្ដី​បរិបូរ​ដែល​នៅ​ក្នុង​ចិត្ត

35 ធម្មតា​មនុស្ស​ល្អ តែង​បញ្ចេញ​សេចក្ដី​ល្អ អំពី​កំណប់​ដ៏​ល្អ​ដែល​បាន​កប់​ទុក​ក្នុង​ចិត្ត ឯ​មនុស្ស​អាក្រក់​វិញ គេ​ក៏​បញ្ចេញ​សេចក្ដី​អាក្រក់ អំពី​កំណប់​អាក្រក់​របស់​គេ​ដែរ

36 ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ នោះ​មនុស្ស​លោក​នឹង​ត្រូវ​រៀប​រាប់​ប្រាប់ ពី​អស់​ទាំង​ហេតុ​នៃ​ពាក្យ​ឥត​ប្រយោជន៍ ដែល​គេ​បាន​និយាយ

37 ដ្បិត​អ្នក​នឹង​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ពាក្យ​សំដី​របស់​ខ្លួន ឬ​នឹង​ត្រូវ​ទោស ក៏​ដោយ‌សារ​តែ​ពាក្យ​សំដី​នោះ​ដែរ។