ម៉ាថាយ 12:36-42 KHOV

36 ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ នោះ​មនុស្ស​លោក​នឹង​ត្រូវ​រៀប​រាប់​ប្រាប់ ពី​អស់​ទាំង​ហេតុ​នៃ​ពាក្យ​ឥត​ប្រយោជន៍ ដែល​គេ​បាន​និយាយ

37 ដ្បិត​អ្នក​នឹង​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ពាក្យ​សំដី​របស់​ខ្លួន ឬ​នឹង​ត្រូវ​ទោស ក៏​ដោយ‌សារ​តែ​ពាក្យ​សំដី​នោះ​ដែរ។

38 គ្រា​នោះ ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី​ខ្លះ គេ​ទូល​ទ្រង់​ថា លោក​គ្រូ យើង​ខ្ញុំ​ចង់​ឃើញ​ទី​សំគាល់​ពី​លោក

39 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ដំណ​មនុស្ស​អាក្រក់ ហើយ​កំផិត គេ​ចេះ​តែ​ចង់​ឃើញ​ទី​សំគាល់ តែ​នឹង​គ្មាន​ទី​សំគាល់​ណា​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទី​សំគាល់​របស់​ហោរា​យ៉ូណាស​ឡើយ

40 ដ្បិត​លោក​យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រី​ធំ អស់​៣​ថ្ងៃ​៣​យប់​យ៉ាង​ណា កូន​មនុស្ស​ក៏​នឹង​នៅ​ក្នុង​ផ្ទៃ​ផែនដី​៣​ថ្ងៃ​៣​យប់​យ៉ាង​នោះ​ដែរ

41 ឯ​មនុស្ស​នៅ​ក្រុង​នីនីវេ​នឹង​ឈរ​ឡើង​ជា​មួយ​នឹង​មនុស្ស​ដំណ​នេះ ក្នុង​គ្រា​ជំនុំ​ជំរះ ហើយ​នឹង​កាត់​ទោស​ឲ្យ​ផង ដ្បិត​គេ​បាន​ប្រែ​ចិត្ត ដោយ​ឮ​សេចក្ដី​ដែល​លោក​យ៉ូណាស​បាន​ប្រកាស​ប្រាប់ ហើយ​មើល​នៅ​ទី​នេះ​មាន​១​អង្គ ដែល​វិសេស​ជាង​លោក​យ៉ូណាស​ទៅ​ទៀត

42 មហា‌ក្សត្រី​នៅ​ស្រុក​ខាង​ត្បូង នឹង​ឈរ​ឡើង​ជា​មួយ​នឹង​មនុស្ស​ដំណ​នេះ ក្នុង​គ្រា​ជំនុំ​ជំរះ ហើយ​នឹង​កាត់​ទោស​ឲ្យ​ផង ដោយ​ព្រះ‌នាង​បាន​យាង​មក​ពី​ចុង​ផែនដី ដើម្បី​នឹង​ស្តាប់​ចំណេះ​របស់​ហ្លួង​សាឡូ‌ម៉ូន ហើយ​មើល​នៅ​ទី​នេះ​មាន​១​អង្គ​វិសេស​ជា​ហ្លួង​សាឡូ‌ម៉ូន​ទៅ​ទៀត។