ម៉ាថាយ 13:13-19 KHOV

13 ហេតុ​នោះ​បាន​ជា​ខ្ញុំ​និយាយ​នឹង​គេ ជា​ពាក្យ​ប្រៀប​ប្រដូច ដ្បិត​ដែល​គេ​មើល​នោះ​មិន​ឃើញ​វិញ ហើយ​ដែល​គេ​ស្តាប់ នោះ​ក៏​មិន​ឮ ហើយ​មិន​យល់​ផង

14 ពាក្យ​ទំនាយ​របស់​ហោរា​អេសាយ​បាន​សំរេច នៅ​លើ​អ្នក​ទាំង​នោះ​ហើយ គឺ​ជា​សេចក្ដី​ដែល​ទាយ​ទុក​មក​ថា «ដែល​ឯង​រាល់​គ្នា​ឮ នោះ​នឹង​ឮ​មែន ហើយ​ដែល​ឃើញ នោះ​នឹង​ឃើញ​មែន តែ​មិន​យល់​សោះ

15 ព្រោះ​ចិត្ត​របស់​ជន‌ជាតិ​នេះ​បាន​ត្រឡប់​ជា​ស្ពឹក​វិញ គេ​ឮ​ដោយ​ត្រចៀក​ធ្ងន់ ហើយ​ធ្មេច​ភ្នែក ក្រែង​មើល​ឃើញ​នឹង​ភ្នែក ស្តាប់​ឮ​នឹង​ត្រចៀក ហើយ​យល់​ក្នុង​ចិត្ត រួច​គេ​ប្រែ​ចិត្ត ហើយ​អញ​ប្រោស​ឲ្យ​គេ​បាន​ជា»

16 តែ​អ្នក​រាល់​គ្នា​វិញ ភ្នែក​អ្នក​មាន​ពរ​ហើយ ដ្បិត​មើល​ឃើញ ត្រចៀក​អ្នក​ក៏​ដែរ ដ្បិត​ស្តាប់​ឮ

17 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពី​ដើម​មាន​ហោរា និង​មនុស្ស​សុចរិត​ជា​ច្រើន គេ​ចង់​ឃើញ​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ តែ​មិន​បាន​ឃើញ​សោះ ក៏​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ឮ​ដែរ តែ​មិន​មាន​ឮ​ឡើយ។

18 ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ស្តាប់​ពាក្យ​ប្រៀប​ប្រដូច ពី​អ្នក​ព្រោះ​ពូជ​នោះ

19 គឺ​កាល​ណា​បើ​អ្នក​ណា​ស្តាប់​ព្រះ‌បន្ទូល​ពី​នគរ តែ​មិន​យល់ នោះ​អា​កំណាច​ក៏​មក​ឆក់​យក​សេចក្ដី ដែល​បាន​ព្រោះ​ក្នុង​ចិត្ត​អ្នក​នោះ​ទៅ​បាត់ នេះ​គឺ​ជា​អ្នក​ដែល​បាន​ទទួល​ពូជ​តាម​ផ្លូវ