34 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះ ដោយពាក្យប្រៀបធៀបដល់ហ្វូងមនុស្ស ទ្រង់មិនបានមានព្រះបន្ទូលនឹងគេ ឥតពាក្យប្រៀបធៀបទេ
35 ដើម្បីឲ្យបានសំរេចតាមទំនាយដែលហោរាបានទាយទុកមកថា «អញនឹងបើកមាត់និយាយ ជាពាក្យប្រៀបប្រដូច អញនឹងសំដែងពីការដែលលាក់កំបាំង តាំងពីកំណើតលោកីយ៍មក»។
36 នោះទ្រង់ក៏ឲ្យហ្វូងមនុស្សទៅវិញ រួចយាងចូលទៅក្នុងផ្ទះ ឯពួកសិស្សមកទូលទ្រង់ថា សូមអធិប្បាយឲ្យយើងខ្ញុំយល់ន័យពាក្យប្រៀប ពីស្មៅស្រងែនៅស្រែផង
37 ទ្រង់មានព្រះបន្ទូលឆ្លើយថា អ្នកដែលព្រោះពូជល្អ នោះគឺជាកូនមនុស្ស
38 ចំណែកស្រែ នោះគឺជាតួលោកីយ៍ ឯពូជល្អ គឺអស់ទាំងមនុស្សរបស់នគរស្ថានសួគ៌ ហើយស្រងែ គឺជាអស់ទាំងមនុស្សរបស់អាកំណាចវិញ
39 ខ្មាំងសត្រូវដែលប្លមព្រោះស្រងែនោះ គឺជាអារក្ស ចំរូត គឺជាបំផុតកល្ប ហើយពួកច្រូតនោះ គឺជាពួកទេវតា
40 ដូច្នេះ ដែលគេច្រូតស្រងែដុតបន្សុសក្នុងភ្លើងជាយ៉ាងណា នោះដល់បំផុតកល្បក៏នឹងបានដូច្នោះដែរ