ម៉ាថាយ 15:14-20 KHOV

14 តាម​តែ​គេ​ចុះ គេ​ជា​មនុស្ស​ខ្វាក់​ដែល​នាំ​មនុស្ស​ខ្វាក់ បើ​មនុស្ស​ខ្វាក់​នាំ​មនុស្ស​ខ្វាក់​ដូច្នេះ នោះ​ទាំង​២​នាក់​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ហើយ

15 រួច​ពេត្រុស​ទូល​ថា សូម​ស្រាយ​ន័យ​ពាក្យ​ប្រៀប​នេះ ឲ្យ​យើង​ខ្ញុំ​យល់​ផង

16 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ទៀត​ឬ​អី

17 តើ​មិន​ទាន់​ឃើញ​ទេ​ឬ​អី​ថា របស់​អ្វី​ដែល​ចូល​តាម​មាត់ នោះ​តែង​ចុះ​ទៅ​ក្នុង​ពោះ រួច​ចេញ​ទៅ​ក្នុង​បង្គន់

18 តែ​ឯ​សេចក្ដី​ដែល​ចេញ​ពី​មាត់​មក នោះ​មក​អំពី​ចិត្ត​វិញ គឺ​សេចក្ដី​ទាំង​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្មោក‌គ្រោក

19 ដ្បិត​គឺ​ពី​ក្នុង​ចិត្ត​នោះ​ឯង​ដែល​ចេញ​អស់​ទាំង​គំនិត​អាក្រក់ គឺ​ការ​កាប់​សំឡាប់​គេ ផិត​គ្នា សហាយ‌ស្មន់ លួច​ប្លន់ ធ្វើ​បន្ទាល់​ក្លែង‌ក្លាយ ហើយ​នឹង​ជេរ​ប្រមាថ

20 សេចក្ដី​ទាំង​នោះ​ទើប​ធ្វើ​ឲ្យ​មនុស្ស​ស្មោក‌គ្រោក​មែន តែ​ដែល​បរិភោគ​ឥត​លាង​ដៃ នោះ​មិន​មែន​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​ទេ។