ម៉ាថាយ 15:23-29 KHOV

23 តែ​ទ្រង់​មិន​បាន​ឆ្លើយ​តប​ទៅ​ស្ត្រី​នោះ​១​ព្រះ‌ឱស្ឋ​សោះ បាន​ជា​ពួក​សិស្ស​របស់​ទ្រង់​ចូល​មក​ទូល​ថា សូម​ឲ្យ​ស្ត្រី​នេះ​ទៅ​វិញ​ទៅ ដ្បិត​គេ​ចេះ​តែ​ស្រែក​តាម​យើង​ខ្ញុំ

24 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ខ្ញុំ​បាន​ទទួល​បង្គាប់​នឹង​មក​ឯ​ពួក​កូន​ចៀម ដែល​បាត់‌បង់​របស់​ពូជ‌ពង្ស​សាសន៍​អ៊ីស្រា‌អែលតែ​ប៉ុណ្ណោះ​ទេ

25 ប៉ុន្តែ ស្ត្រី​នោះ​មក​ក្រាប​ថ្វាយ‌បង្គំ​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង

26 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដែល​យក​នំបុ័ង​របស់​កូន​ក្មេង​បោះ​ទៅ​ឲ្យ​កូន​ឆ្កែ នោះ​មិន​ល្អ​ទេ

27 តែ​ស្ត្រី​នោះ​ទូល​ថា មែន​ហើយ ព្រះ‌អម្ចាស់ ប៉ុន្តែ កូន​ឆ្កែ​វា​ស៊ី​កំទេច​ដែល​ធ្លាក់​ចុះ​ពី​តុ​ម្ចាស់​វា​មក​ដែរ

28 នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នាង​ស្រី​អើយ នាង​មាន​សេចក្ដី​ជំនឿ​ជា​ខ្លាំង​មែន ចូរ​ឲ្យ​នាង​បាន​ដូច​សេចក្ដី​ប្រាថ្នា​ចុះ ស្រាប់​តែ​កូន​ស្រី​របស់​នាង​បាន​ជា ចាប់​តាំង​ពី​វេលា​នោះ​ឯង​ទៅ។

29 ព្រះ‌យេស៊ូវ ទ្រង់​យាង​ចេញ​ពី​ទី​នោះ មក​ខាង​សមុទ្រ​កាលី‌ឡេ រួច​យាង​ឡើង​ទៅ​លើ​ភ្នំ គង់​ចុះ​នៅ​ទី​នោះ