20 រួចទ្រង់ហាមពួកសិស្ស មិនឲ្យគេប្រាប់ដល់អ្នកណាថា ទ្រង់ជាព្រះគ្រីស្ទឡើយ។
21 តាំងពីគ្រានោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្តើមប្រាប់ដល់ពួកសិស្សថា ទ្រង់ត្រូវតែយាងទៅឯក្រុងយេរូសាឡិម ហើយត្រូវរងទុក្ខជាច្រើននៅដៃនៃពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យ ហើយត្រូវគេធ្វើគុតផង តែក្រោយ៣ថ្ងៃមក ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ
22 នោះពេត្រុសក៏នាំទ្រង់មកជិត ចាប់តាំងទូលចំទាស់ថា ឱព្រះអង្គម្ចាស់អើយ សូមទ្រង់ប្រណីអង្គទ្រង់វិញ ការនោះមិនត្រូវមកដល់ទ្រង់ឡើយ
23 តែទ្រង់បែរទៅមានព្រះបន្ទូលនឹងគាត់ថា សាតាំងអើយ ចូរថយទៅក្រោយអញទៅ ឯងជាសេចក្ដីបង្អាក់ដល់ចិត្តអញ ព្រោះមិនចេះគិតតាមគំនិតនៃព្រះសោះ គឺគិតតាមតែគំនិតរបស់មនុស្សលោកវិញ
24 រួចទ្រង់មានព្រះបន្ទូលទៅពួកសិស្សទាំងអស់គ្នាថា បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ
25 ព្រោះអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានវិញ
26 ដ្បិតបើមនុស្សណានឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬតើមនុស្សនឹងយកអ្វីទៅដូរ ឲ្យបានព្រលឹងខ្លួនវិញ