ម៉ាថាយ 17:1-7 KHOV

1 កន្លង​មក​៦​ថ្ងៃ ព្រះ‌យេស៊ូវ​ទ្រង់​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន ជា​ប្អូន​យ៉ាកុប ទៅ​ជា​មួយ​នឹង​ទ្រង់ ក៏​នាំ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់​ដោយ‌ឡែក

2 រួច​ទ្រង់​បាន​ផ្លាស់​ប្រែ​នៅ​មុខ​អ្នក​ទាំង​នោះ ព្រះ‌ភក្ត្រ​ទ្រង់​បាន​ភ្លឺ​ដូច​ព្រះ‌អាទិត្យ ហើយ​ព្រះ‌ពស្ត្រ​ទ្រង់​ក៏​ត្រឡប់​ជា​ស ដូច​ពន្លឺ

3 នោះ​ឃើញ​លោក​ម៉ូសេ និង​លោក​អេលីយ៉ា លេច​មក​ឯ​គេ កំពុង​តែ​ទូល​នឹង​ទ្រង់

4 ឯ​ពេត្រុស គាត់​ទូល​ទៅ​ព្រះ‌យេស៊ូវ​ថា ព្រះ‌អម្ចាស់​អើយ ដែល​យើង​ខ្ញុំ​នៅ​ទី​នេះ​បាន​ល្អ​ណាស់ បើ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ នោះ​យើង​ខ្ញុំ​នឹង​ធ្វើ​ត្រសាល​៣​នៅ​ទី​នេះ គឺ​១​សំរាប់​ទ្រង់ ១​សំរាប់​លោក​ម៉ូសេ ហើយ​១​សំរាប់​លោក​អេលីយ៉ា

5 កាល​គាត់​កំពុង​តែ​ទូល​នៅ​ឡើយ នោះ​មាន​ពពក​យ៉ាង​ភ្លឺ​បាន​មក​បាំង​គេ ហើយ​មាន​ឮ​សំឡេង​ចេញ​ពី​ពពក​នោះ​ថា នេះ​ជា​កូន​ស្ងួនភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់ ចូរ​ស្តាប់​តាម​ចុះ

6 កាល​បាន​ឮ​ហើយ នោះ​ពួក​សិស្ស​ក៏​ក្រាប​ផ្កាប់​មុខ​នឹង​ដី ទាំង​ភ័យ​ស្លុត​ជា​ខ្លាំង

7 តែ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ទៅ​ពាល់​គេ ដោយ​ព្រះ‌បន្ទូល​ថា ចូរ​ក្រោក​ឡើង កុំ​ភ័យ​ឡើយ