18 នោះព្រះយេស៊ូវទ្រង់បន្ទោសដល់អារក្ស ហើយវាក៏ចេញពីក្មេងនោះទៅ រួចក្មេងនោះបានជា ចាប់តាំងពីវេលានោះមក។
19 នោះពួកសិស្សមកឯព្រះយេស៊ូវដោយឡែក ទូលសួរថា ហេតុអ្វីបានជាយើងខ្ញុំ ដេញអារក្សនោះមិនបាន
20 ទ្រង់មានព្រះបន្ទូលតបថា គឺដោយព្រោះតែអ្នករាល់គ្នាមានសេចក្ដីជំនឿតិចពេកប៉ុណ្ណោះ ដ្បិតខ្ញុំប្រាប់ជាប្រាកដថា បើមានសេចក្ដីជំនឿ ដូចគ្រាប់ពូជ១យ៉ាងល្អិត នោះអ្នករាល់គ្នាអាចនឹងនិយាយទៅភ្នំនេះថា ចូររើចេញពីទីនេះទៅទីនោះចុះ នោះនឹងបានដូច្នោះហើយ ក៏គ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតនោះទេ
21 តែអារក្សបែបយ៉ាងនេះ វាចេញទៅដោយសារតែអធិស្ឋាន ហើយនឹងតមអត់ប៉ុណ្ណោះ។
22 កាលគង់នៅស្រុកកាលីឡេ នោះព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសិស្សថា បន្តិចទៀត កូនមនុស្សនឹងត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្ស
23 គេនឹងសំឡាប់លោក ហើយ៣ថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ នោះពួកសិស្សកើតមានសេចក្ដីព្រួយជាខ្លាំង។
24 កាលបានមកដល់ក្រុងកាពើណិមហើយ នោះពួកអ្នកដែលទារពន្ធព្រះវិហារ គេមកសួរពេត្រុសថា តើគ្រូអ្នកមិនបង់ពន្ធព្រះវិហារទេឬអី