2 រួចទ្រង់បានផ្លាស់ប្រែនៅមុខអ្នកទាំងនោះ ព្រះភក្ត្រទ្រង់បានភ្លឺដូចព្រះអាទិត្យ ហើយព្រះពស្ត្រទ្រង់ក៏ត្រឡប់ជាស ដូចពន្លឺ
3 នោះឃើញលោកម៉ូសេ និងលោកអេលីយ៉ា លេចមកឯគេ កំពុងតែទូលនឹងទ្រង់
4 ឯពេត្រុស គាត់ទូលទៅព្រះយេស៊ូវថា ព្រះអម្ចាស់អើយ ដែលយើងខ្ញុំនៅទីនេះបានល្អណាស់ បើទ្រង់សព្វព្រះហឫទ័យ នោះយើងខ្ញុំនឹងធ្វើត្រសាល៣នៅទីនេះ គឺ១សំរាប់ទ្រង់ ១សំរាប់លោកម៉ូសេ ហើយ១សំរាប់លោកអេលីយ៉ា
5 កាលគាត់កំពុងតែទូលនៅឡើយ នោះមានពពកយ៉ាងភ្លឺបានមកបាំងគេ ហើយមានឮសំឡេងចេញពីពពកនោះថា នេះជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់ ចូរស្តាប់តាមចុះ
6 កាលបានឮហើយ នោះពួកសិស្សក៏ក្រាបផ្កាប់មុខនឹងដី ទាំងភ័យស្លុតជាខ្លាំង
7 តែព្រះយេស៊ូវទ្រង់យាងទៅពាល់គេ ដោយព្រះបន្ទូលថា ចូរក្រោកឡើង កុំភ័យឡើយ
8 កាលគេបានងើបឡើង នោះមិនបានឃើញអ្នកណាសោះ ឃើញតែព្រះយេស៊ូវតែប៉ុណ្ណោះ។