ម៉ាថាយ 18:27-33 KHOV

27 ឯ​ចៅ‌ហ្វាយ​របស់​បាវ​នោះ មាន​ព្រះ‌ទ័យ​ក្តួល​អាណិត ក៏​លែង​វា​ឲ្យ​ទៅ ព្រម​ទាំង​លែង​ទារ​បំណុល​ផង

28 តែ​កាល​បាវ​នោះ​បាន​ចេញ​ទៅ​ហើយ ក៏​ជួប​ប្រទះ​នឹង​គូ‌កន​ម្នាក់ ដែល​ជំពាក់​ខ្លួន​២០​រៀល នោះ​វា​ចាប់​ច្របាច់​ក​អ្នក​នោះ ដោយ​ពាក្យ​ថា ចូរ​សង​ប្រាក់​ដែល​ជំពាក់​អញ​នោះ​មក

29 អ្នក​នោះ​ក៏​ទំលាក់​ខ្លួន ក្រាប​ចុះ​នៅ​ទៀប​ជើង សូម​អង្វរ​ថា សូម​មេត្តា​បង្អង់​ឲ្យ​ខ្ញុំ​សិន ខ្ញុំ​នឹង​សង​ជូន​អ្នក

30 តែ​វា​មិន​ព្រម​ទេ ត្រឡប់​ជា​បាន​ចាប់​អ្នក​នោះ នាំ​ទៅ​ដាក់​គុក​វិញ ទាល់​តែ​បាន​សង​បំណុល​រួច

31 កាល​ពួក​គូ‌កន​គេ​បាន​ឃើញ​ការ​នោះ គេ​មាន​ចិត្ត​ឈឺ‌ឆ្អាល​ណាស់ ក៏​នាំ​គ្នា​ទៅ​ទូល​ដល់​ចៅ‌ហ្វាយ ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កើត​មក

32 ចៅ‌ហ្វាយ​ក៏​ឲ្យ​គេ​ហៅ​បាវ​នោះ​មក រួច​មាន​ព្រះ‌បន្ទូល​ថា នែ អា​បំរើ​អាក្រក់ អញ​បាន​លែង​ទារ​បំណុល​ឯង​ទាំង​អស់​ហើយ​តើ ពី​ព្រោះ​ឯង​បាន​អង្វរ​ដល់​អញ

33 ដូច្នេះ តើ​មិន​គួរ​ឲ្យ​ឯង​អាណិត​មេត្តា​ដល់​គូ‌កន​ឯង ដូច​ជា​អញ​បាន​អាណិត​មេត្តា​ដល់​ឯង​ដែរ​ទេ​ឬ​អី