ម៉ាថាយ 20:16-22 KHOV

16 គឺ​យ៉ាង​នោះ​ដែល​អស់​អ្នក​ក្រោយ​នឹង​បាន​ទៅ​ជា​មុន ហើយ​ពួក​អ្នក​មុន​នឹង​ទៅ​ជា​ក្រោយ​វិញ ដ្បិត​បាន​ហៅ​មនុស្ស​ជា​ច្រើន តែ​រើស​បាន​តិច​ទេ។

17 កាល​ព្រះ‌យេស៊ូវ​ទ្រង់​កំពុង​តែ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​ទ្រង់​យក​ពួក​សិស្ស​ទាំង​១២​នាក់ ទៅ​ដោយ‌ឡែក​តាម​ផ្លូវ ហើយ​មាន​ព្រះ‌បន្ទូល​ថា

18 មើល​យើង​រាល់​គ្នា​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​កូន​មនុស្ស​នឹង​ត្រូវ​បញ្ជូន​ទៅ​ដល់​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ ដែល​គេ​នឹង​កាត់​ទោស​លោក​ដល់​ជីវិត

19 រួច​នឹង​បញ្ជូន​ទៅ​ដល់​ពួក​សាសន៍​ដទៃ ឲ្យ​គេ​ចំអក​មើល‌ងាយ ព្រម​ទាំង​វាយ​នឹង​រំពាត់ ហើយ​ឆ្កាង​លោក ក្រោយ​៣​ថ្ងៃ​មក លោក​នឹង​មាន​ជីវិត​រស់​ឡើង​វិញ។

20 គ្រា​នោះ ប្រពន្ធ​របស់​សេបេដេ គាត់​នាំ​កូន​ទាំង​២​មក​ឯ​ទ្រង់ ក្រាប​ថ្វាយ‌បង្គំ​ទូល​សូម​សេចក្ដី​មួយ

21 ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អ្នក​ចង់​បាន​អ្វី គាត់​ទូល​ថា សូម​អនុញ្ញាត្ត​ឲ្យ​កូន​ខ្ញុំ​ម្ចាស់​ទាំង​២​នេះ​បាន​អង្គុយ ១​ខាង​ស្តាំ ១​ខាង​ឆ្វេង​ទ្រង់ ក្នុង​នគរ​របស់​ទ្រង់

22 តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា អ្នក​រាល់​គ្នា​មិន​យល់​សេចក្ដី​ដែល​អ្នក​សូម​ទេ តើ​អ្នក​អាច​នឹង​ផឹក​អំពី​ពែង ដែល​ខ្ញុំ​រៀប​នឹង​ផឹក ហើយ​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា ទទួល​បាន