10 រួចកាលទ្រង់យាងចូលទៅក្នុងក្រុងយេរូសាឡិមហើយ នោះកើតមានសេចក្ដីជ្រួលជ្រើមពេញក្នុងទីក្រុង ហើយគេសួរថា លោកនេះជាអ្នកណា
11 ហ្វូងមនុស្សឆ្លើយឡើងថា នេះគឺជាហោរាយេស៊ូវ ដែលមកពីភូមិណាសារ៉ែត ស្រុកកាលីឡេ។
12 ព្រះយេស៊ូវ ទ្រង់យាងចូលទៅក្នុងព្រះវិហារ ក៏បណ្តេញអស់ទាំងអ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ទ្រង់ផ្កាប់តុនៃពួកអ្នកដូរប្រាក់ និងជើងម៉ារបស់ពួកអ្នកលក់ព្រាប
13 ហើយទ្រង់មានព្រះបន្ទូលទៅគេថា មានសេចក្ដីចែងទុកមកដូច្នេះ «ដំណាក់អញត្រូវហៅថា ជាទីសំរាប់អធិស្ឋាន»វិញ
14 ឯពួកមនុស្សខ្វាក់ និងមនុស្សខ្វិន គេក៏មកឯទ្រង់ក្នុងព្រះវិហារ ហើយទ្រង់ប្រោសគេឲ្យបានជាទាំងអស់
15 តែពួកសង្គ្រាជ និងពួកអាចារ្យ គេមានចិត្តគ្នាន់ក្នាញ់ណាស់ ដោយបានឃើញការអស្ចារ្យដែលទ្រង់ធ្វើ និងឮកូនក្មេងទាំងប៉ុន្មានស្រែកក្នុងព្រះវិហារថា ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌដូច្នោះ
16 ហើយគេទូលទ្រង់ថា តើអ្នកឮពាក្យដែលក្មេងទាំងនេះថាឬទេ ព្រះយេស៊ូវទ្រង់ឆ្លើយថា ឮហើយ តើអ្នករាល់គ្នាមិនដែលមើលសេចក្ដីទេឬអី ដែលថា «ទ្រង់បានធ្វើឲ្យសេចក្ដីសរសើរបានគ្រប់លក្ខណ៍ ដោយនូវមាត់កូនក្មេង និងកូនដែលនៅបៅ»