ម៉ាថាយ 22:12-18 KHOV

12 ក៏​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា សំឡាញ់​អើយ ដូច​ម្តេច​បាន​ជា​អ្នក​ចូល​មក​ក្នុង​ទី​នេះ ឥត​ពាក់​អាវ​ផាយ​ដូច្នេះ អ្នក​នោះ​រក​ឆ្លើយ​អ្វី​មិន​បាន​ឡើយ

13 ទើប​ទ្រង់​បង្គាប់​ទៅ​ពួក​មហា‌តលិក​ថា ចូរ​ចង​ជើង​ចង​ដៃ​វា​បោះ​ចោល​ទៅ​ឯ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ

14 ដ្បិត​បាន​ហៅ​មនុស្ស​ជា​ច្រើន តែ​រើស​បាន​តិច​ទេ។

15 កាល​ពួក​ផារី‌ស៊ី​បាន​ចេញ​ទៅ នោះ​គេ​ពិគ្រោះ​គ្នា​ពី​ដំណើរ​យ៉ាង​ណា​នឹង​ចាប់​ទ្រង់ ដោយ​នូវ​ព្រះ‌បន្ទូល

16 រួច​ក៏​ចាត់​ពួក​សិស្ស​របស់​គេ​ឲ្យ​ទៅ​ឯ​ទ្រង់ ជា​មួយ​នឹង​ពួក​ហេរ៉ូឌ ដោយ​ពាក្យ​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ពិត​ត្រង់ ហើយ​ថា លោក​បង្រៀន​ពី​ផ្លូវ​ព្រះ​ដោយ​សេចក្ដី​ពិត ឥត​មាន​អំពល់​ដល់​អ្នក​ណា​ឡើយ ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ទេ

17 ដូច្នេះ សូម​ប្រាប់​យើង​ខ្ញុំ​ដែល​លោក​គិត​ដូច​ម្តេច តើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ

18 តែ​ព្រះ‌យេស៊ូវ ទ្រង់​ជ្រាប​ឧបាយ‌កល​របស់​គេ ក៏​មាន​ព្រះ‌បន្ទូល​តប​ថា មនុស្ស​កំពុត​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ល្បង​ខ្ញុំ​ដូច្នេះ