16 រួចក៏ចាត់ពួកសិស្សរបស់គេឲ្យទៅឯទ្រង់ ជាមួយនឹងពួកហេរ៉ូឌ ដោយពាក្យថា លោកគ្រូ យើងខ្ញុំដឹងថា លោកពិតត្រង់ ហើយថា លោកបង្រៀនពីផ្លូវព្រះដោយសេចក្ដីពិត ឥតមានអំពល់ដល់អ្នកណាឡើយ ព្រោះលោកមិនយល់មុខមនុស្សណាទេ
17 ដូច្នេះ សូមប្រាប់យើងខ្ញុំដែលលោកគិតដូចម្តេច តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ
18 តែព្រះយេស៊ូវ ទ្រង់ជ្រាបឧបាយកលរបស់គេ ក៏មានព្រះបន្ទូលតបថា មនុស្សកំពុតអើយ ហេតុអ្វីបានជាអ្នករាល់គ្នាល្បងខ្ញុំដូច្នេះ
19 ចូរបង្ហាញប្រាក់ដែលបង់ពន្ធមកឲ្យខ្ញុំមើលចុះ គេក៏យកប្រាក់កាក់ធំមកថ្វាយទ្រង់ទត
20 រួចទ្រង់មានព្រះបន្ទូលសួរថា រូបនេះ និងឈ្មោះនេះ តើជារបស់អ្នកណា
21 គេទូលឆ្លើយថា របស់សេសារ នោះទ្រង់មានព្រះបន្ទូលឆ្លើយថា ដូច្នេះ ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ឯរបស់ព្រះ ចូរថ្វាយទៅព្រះវិញ
22 កាលបានឮដូច្នោះ នោះគេមានសេចក្ដីអស្ចារ្យ រួចក៏ដើរចេញពីទ្រង់បាត់ទៅ។