15 វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារីស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាដើរជុំជើងទឹក ជើងគោក ដើម្បីនឹងនាំមនុស្សតែម្នាក់ឲ្យចូលកាន់សាសនា តែកាលណាគេចូលកាន់ហើយ នោះអ្នករាល់គ្នាតែងធ្វើឲ្យគេទៅជាគួរធ្លាក់ទៅនរក ជាជាងខ្លួន១ជា២ផង
16 វេទនាដល់អ្នករាល់គ្នា ពួកកង្វាក់ដែលនាំផ្លូវគេអើយ អ្នករាល់គ្នាថា បើអ្នកណាស្បថនឹងព្រះវិហារ នោះមិនជាអ្វីទេ តែបើស្បថនឹងមាសរបស់ព្រះវិហារ នោះត្រូវជាប់សម្បថខ្លួនហើយ
17 ឱពួកមនុស្សល្ងីល្ងើ ហើយកង្វាក់អើយ តើរបស់ណាធំជាង មាស ឬ ព្រះវិហារដែលធ្វើឲ្យមាសនោះបរិសុទ្ធ
18 ហើយក៏ថា បើអ្នកណាស្បថនឹងអាសនា នោះមិនជាអ្វីទេ តែបើស្បថនឹងដង្វាយនៅលើអាសនា នោះត្រូវជាប់សម្បថខ្លួនហើយ
19 ឱពួកមនុស្សល្ងីល្ងើ ហើយកង្វាក់អើយ តើរបស់ណាធំជាង ដង្វាយ ឬ អាសនាដែលធ្វើឲ្យដង្វាយនោះបានបរិសុទ្ធ
20 ដូច្នេះអ្នកណាដែលស្បថនឹងអាសនា នោះឈ្មោះថាស្បថនឹងអាសនា ហើយនឹងរបស់ទាំងអស់ដែលនៅលើអាសនានោះ
21 ឯអ្នកណាដែលស្បថនឹងព្រះវិហារ នោះឈ្មោះថាស្បថនឹងព្រះវិហារ ហើយនឹងព្រះដែលគង់នៅក្នុងព្រះវិហារនោះដែរ