17 ឱពួកមនុស្សល្ងីល្ងើ ហើយកង្វាក់អើយ តើរបស់ណាធំជាង មាស ឬ ព្រះវិហារដែលធ្វើឲ្យមាសនោះបរិសុទ្ធ
18 ហើយក៏ថា បើអ្នកណាស្បថនឹងអាសនា នោះមិនជាអ្វីទេ តែបើស្បថនឹងដង្វាយនៅលើអាសនា នោះត្រូវជាប់សម្បថខ្លួនហើយ
19 ឱពួកមនុស្សល្ងីល្ងើ ហើយកង្វាក់អើយ តើរបស់ណាធំជាង ដង្វាយ ឬ អាសនាដែលធ្វើឲ្យដង្វាយនោះបានបរិសុទ្ធ
20 ដូច្នេះអ្នកណាដែលស្បថនឹងអាសនា នោះឈ្មោះថាស្បថនឹងអាសនា ហើយនឹងរបស់ទាំងអស់ដែលនៅលើអាសនានោះ
21 ឯអ្នកណាដែលស្បថនឹងព្រះវិហារ នោះឈ្មោះថាស្បថនឹងព្រះវិហារ ហើយនឹងព្រះដែលគង់នៅក្នុងព្រះវិហារនោះដែរ
22 ហើយអ្នកណាដែលស្បថនឹងស្ថានសួគ៌ នោះឈ្មោះថាស្បថនឹងបល្ល័ង្កនៃព្រះ ហើយនឹងព្រះដែលគង់លើបល្ល័ង្កនោះផង
23 វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារីស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាថ្វាយ១ភាគក្នុង១០ ទាំងជីរអង្កាម ជីរលីងលាក់ និងល្ងផង តែបានចោលសេចក្ដីសំខាន់ជាង ដែលនៅក្នុងក្រឹត្យវិន័យវិញ ដូចជាសេចក្ដីយុត្តិធម៌ សេចក្ដីមេត្តាករុណា និងសេចក្ដីជំនឿ គួរតែឲ្យអ្នករាល់គ្នាបានប្រព្រឹត្តការណ៍ទាំងនេះ ហើយការឯទៀតនោះ ក៏មិនត្រូវចោលផង